ឈ្មួញជួញឈើល្បីឈ្មោះ ដុះស្លែដែលអះអាងខ្លួនថាជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ចេញរកស៊ីឈើឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ
ខេត្តក្រចេះ៖ ឈ្មួញជួញឈើល្បីឈ្មោះដុះស្លែ នៅខេត្តក្រចេះ និងអះអាងខ្លួនឯងថាជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ឈ្មោះធា ដែលបានបាត់មុខមួយរយៈព្រោះតែ TNM ចុះផ្សាយពីសកម្មភាពប្រព្រឹត្តិបទល្មើសជួញឈើខុសច្បាប់នៅស្រុកសម្បូរ និងស្រុកព្រែកប្រសព្វនោះ ពេលនេះ ចាប់ផ្តើមលួចធ្វើសកម្មភាពរបស់ខ្លួនឡើងវិញហើយ…។ ឈ្មួញជួញឈើឈ្មោះ (ធា) ដែលសមត្ថកិច្ចខេត្តក្រចេះមួយចំនួនធំ មិនហ៊ានក្អកគ្រហែមព្រោះតែដឹងថា ជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះនោះ បានធ្វើសកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញ ដោយបានទាក់ទងក្រុមគោយន្តកន្ត្រៃដឹកឈើចេញពីតំបន់ព្រៃឡង់ភ្នំជី ស្ថិតក្នុងភូមិសាស្ត្រស្រុកសម្បូរជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ដឹកយកទៅលក់នៅស្រុកស្ទឹងត្រង់ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ ប្រភពកៀកជិតនឹងឈ្មួញឈ្មោះ ធា បានឱ្យដឹងថា សកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញនេះ ចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ ដោយមានម្ចាស់គោយន្តកន្ត្រៃម្នាក់ឈ្មោះ ម៉ា នី បានដឹកជញ្ជូនឈើឱ្យឈ្មួញឈ្មោះ(ធា)នោះឆ្លងទន្លេនៅត្រើយខាងលិច ដើម្បីយកទៅលក់នៅស្រុកស្ទឹងត្រង់ តាមរយៈរថយន្តស៊ាំយ៉ុងកែច្នៃ។ ប្រភពខាងលើបន្តថា ក្រោយពីសារព័ត៌មាន TNM ចុះផ្សាយអត្ថបទមួយមានចំណងជើងថា « ខ្សឹបឱ្យឮ..! ក្រុមឈ្មួញដឹកឈើមិនញញើតច្បាប់នៅស្រុកព្រែកប្រសព្វ ល្បីថាជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ» កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឈ្មួញជួញឈើឈ្មោះនេះ បានផ្អាកសកម្មភាពមួយរយៈធំ ប៉ុន្តែនៅពាក់កណ្តាលខែមីនានេះ ឈ្មួញឈ្មោះ ធា បានធ្វើដំណើរពីទីរួមខេត្តក្រចេះ មកស្រុកសម្បូរ និងស្រុកព្រែកប្រសព្វ ដើម្បីរត់ការចេញឈើឡើងវិញ ដោយបានទាក់ទងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមបណ្តាយផ្លូវឆ្លងកាត់ទាំងអស់ ដោយបានបង់ប្រាប់ជូនមន្ត្រីជំនាញទាំងនោះប្រចាំខែ ជាថ្នូរនឹងការធ្វើអាជីវកម្មជួញដូរឈើឡើងវិញ និងទទួលបានភ្លើងខៀវពីមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ បានជាឈ្មួញឈ្មោះ ធា សាកល្បងដឹកឈើចេញនៅថ្ងៃទី២១-២២ ម្សិលមិញនេះតែម្ដង។ ប្រភពដដែលបន្តថា ដោយសារតែឈ្មួញឈ្មោះ ធា យកឈ្មោះបងថ្លៃជាចៅហ្វាយខេត្តមកធ្វើជាខ្នងបង្អែក ទើបមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្តល់ភាពងាយស្រួលដល់ជននេះ បំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ភ្នំជី បានយ៉ាងរលូន ដោយមិនខ្វាយខ្វល់ដល់មុខមាត់បងថ្លៃខ្លួនឡើយ។ ជាងនេះផងដែរ ឈ្មួញឈ្មោះធានោះ ហាក់មិនកោតញញើតនឹងបទបញ្ជាក្ដៅរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចំពោះការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ ខណៈកន្លងមកងរាជអាវុធហត្ថខេត្តក្រចេះ ធ្លាប់បានដុតកម្ទេចចោលរថយន្ដសាំយ៉ុងកែច្នៃ០២គ្រឿងរបស់ឈ្មួញរូបនេះ ម្ដងរួចមកហើយក៏ដោយ..៕ សម្រួលដោយ ទៀង បុណ្ណរី