ឡាវ ផ្អាកនាំចូលសាច់ជ្រូកពី វៀតណាម និងថៃ

ក្រសួងកសិកម្មឡាវបានប្រកាសផ្អាកនាំចូលសាច់ជ្រូក រួមទាំងជ្រួករស់ និងសាច់កែឆ្នៃជាបណ្ដោះអាសន្នពីប្រទេសវៀតណាម និងថៃ ។  ចំពោះមូលហេតុបិទជាបណ្តោះអាសន្ននេះ គឺបណ្តាលមកពី​ប្រទេសទាំងពីរ កំពុងតែមានបញ្ហារីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ បន្ថែម​លើ​នេះ សាច់​ជ្រូក​ដែល​ត្រូវ​បាន​​រត់​ពន្ធ ឬ​នាំ​ចូល​ខុស​ច្បាប់​ចូល​ប្រទេស​ឡាវ ត្រូវ​តែ​បំផ្លាញ​ចោលទាំងអស់ ។   ជាមួយគ្នានេះ រដ្ឋាភិបាលឡាវ បានណែនាំដល់កសិករ ត្រូវតែតាមដានសត្វឈឺ និងសម្លាប់សត្វទាំងនោះ ប្រសិនរកឃើញថាមានផ្ទុកមេរោគ ដើម្បីការពារការរីករាលដាលកាន់តែធ្ងន់ធ្ងរ ។  ដោយឡែក កាលនៅឆ្នាំ ២០១៩ ជំងឺប៉េស្តជ្រូក ធ្លាប់បានរីករាលដាលដល់ ១៧០ ភូមិ ក្នុង ៥៧ ស្រុកនៅទូទាំងប្រទេសឡាវ ។ តាមរយៈការផ្ទុះឡើងពេលនោះ បានបណ្តាលឲ្យជ្រូក ១៨,៧៧៤ ក្បាលឆ្លងមេរោគ និងសម្លាប់ចោល ខណៈដែល ៦,៨៣៦ ក្បាលផ្សេងទៀតត្រូវបានបំផ្លាញ ។  គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ឡាវបានផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសចិន និងថៃ បន្ទាប់ពីបានរកឃើញការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៧ ករណី ខណៈក្នុងនោះមានជ្រូកងាប់ចំនួន ៩៧៣ ក្បាលនៅក្នុងខេត្ត Salavan ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង