ហានិភ័យនៃជម្លោះនុយក្លេអ៊ែរឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី រីយ៉ាបកូវ (Sergei Ryabkov) បានលើកឡើងកាលពីថ្ងៃពុធទី ២២ ខែមីនាកន្លងទៅនេះថា ហានិភ័យនៃជម្លោះនុយក្លេអ៊ែរ ស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយព្រមានថា ទីក្រុងម៉ូស្គូស្ថិតនៅក្នុងជម្លោះបើកចំហដោយគ្មានហេតុផលជាមួយទីក្រុងវ៉ាស៊ីនតោន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ទំនាក់ទំនងរវាងរុស្ស៊ី និងអាម៉េរិក ដែលមានភាពតានតឹងជាយូរមកហើយ បានកាន់ធ្លាក់ចុះដុនដាបទៅ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំមុន។ បន្ថែមលើនេះ កាលពីខែកុម្ភៈ ទីក្រុងម៉ូស្គូបានដកខ្លួនចេញពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ «New START» ជាមួយទីក្រុងវ៉ាស៊ីនតោន។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលមានចំណងជើងថា «ពិភពលោកដែលគ្មានសន្ធិសញ្ញា START៖ តើនឹងមានអ្វីកើតឡើង?» លោក រីយ៉ាបកូវ បានលើកឡើងថា ប្រទេសរុស្ស៊ីនឹង បន្តការចូលរួមក្នុងសន្ធិសញ្ញានាពេលនេះទេ ព្រមទាំងបានរិះគន់លើអ្វីដែលលោកហៅថាជាសកម្មភាពអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់សម្តីរបស់លោកថា៖ «ខ្ញុំមិនចង់ឈានដល់ការសន្និដ្ឋានណាមួយអំពីថា តើលទ្ធភាពនៃជម្លោះនុយក្លេអ៊ែរមានកម្រិតខ្ពស់ឬយ៉ាងណានោះទេនៅថ្ងៃនេះ ប៉ុន្តែជាក់ស្តែង វាស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ»។ លោកបន្តថា ប្រទេសរុស្ស៊ីបានប្តេជ្ញាចិត្តរក្សាពិភពលោកឱ្យមានសុវត្ថិភាព និងសេរីភាពពីការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែបានបន្ថែមថា អាជីវកម្មមិនអាចបន្តដូចធម្មតាបានទេ ដោយសារតែ សព្វថ្ងៃ ទីក្រុងម៉ូស្គូកំពុងស្ថិតនៅក្នុងជម្លោះបើកចំហជាមួយសហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា រយៈពេលមួយឆ្នាំចាប់តាំងពីការលុកលុយអ៊ុយក្រែនមក វិមានក្រឹមឡាំងបានចោទប្រកាន់ម្ដងហើយម្ដងទៀតថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះ តាមរយៈការផ្គត់ផ្គង់អាវុធដល់ទីក្រុងកៀវ ហើយអះអាងថា សង្គ្រាមសព្វថ្ងៃនេះ គឺជាសមរភូមិសម្រាប់ការរស់រានមានជីវិតរបស់រុស្ស៊ី។ ទាំងសហរដ្ឋអាម៉េរិក និងរុស្សី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានសង្កត់ធ្ងន់ថា គ្មានភាគីណាមួយអាចយកឈ្នះសង្គ្រាមនុយក្លេអ៊ែរបានឡើង ហើយសង្គ្រាមនេះក៏មិនត្រូវកើតឡើងជាដាច់ខាត ប៉ុន្តែជម្លោះនៅអ៊ុយក្រែនបានបង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយលោកខាងលិច៕ សម្រួលដោយ ទៀង បុណ្ណរី