ក្រសួងអប់រំជំរុញឱ្យបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិកនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវ និងណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ឱ្យបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ដើម្បីទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ទាំងនេះឱ្យមានប្រសិទ្ធភាព ខណៈដែលបារីអេឡិចត្រូនិកនេះ បានបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ថ្លែងក្នុងសិក្ខាសាលា ស្តីពីបារីអេឡិចត្រូនិក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ឱ្យបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ស្របតាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងការស្រាវជ្រាវស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីនេះ។ លោកជំទាវក៏បានសំណូមពរបន្ថែមដល់ក្រសួង/ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្តាក្រាម(Instagram)។ល។ ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជនវ័យក្មេង។ ជាងនេះទៀត ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតដោយផលិតផលនេះ។ ការស្រាវជ្រាវមួយរបស់ក្រសួងអប់រំយុវជន និងកីឡាដោយមានការគាំទ្រពីអង្គការចលនាដើម្បីសុខភាពកម្ពុជា កាលពីពេលថ្មីៗនេះ សម្រាប់រាជធានីភ្នំពេញ សៀមរាប ស្វាយរៀង បានរកឃើញថា សិស្សច្រើនលើសលុបបានដឹងនិងស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង៥០%បានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងតិកតុក ជាដើម។ ទន្ទឹមនឹងនេះ មានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិកឡើយ។ ពួកគាត់យល់ថាអ្នកដែលបាននិងកំពុងប្រើបារីអេឡិចត្រូនិកនោះគឺដោយសារតែជឿតាមការឃោសនារបស់អ្នកលក់ថាជាម៉ាស៊ីនផ្ដាច់បារីនិងមានសុវត្ថិភាព។ ការស្រាវជ្រាវនេះបានបង្ហាញថា ហាមឃាត់ការប្រើប្រាស់និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនកន្លងមក គឺមានប្រសិទ្ធភាពល្អ ប៉ុន្តែទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពធនធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងគោលដៅគោលនយោបាយលើកកម្ពស់សុខភាពសិក្សានៅឡើយ។ លោកវេជ្ជបណ្ឌិតមុំគង់ នាយកអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា បារីអេឡិចត្រូនិកមានដាក់សារធាតុគីមី និងជាតិនីកូទីន នៅពេលអ្នកប្រើប្រាស់ បឺតស្រូបជាតិផ្សែងចូលទៅក្នុងរាងកាយ គឺវាចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បញ្ហានេះវាបង្កឲ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺគាំងបេះដូង ជាដើម។ គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិក នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លុះដល់ឆ្នាំ២០២១ កម្ពុជាយើងបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង