ស្ពានទ័ព ត្រូវបាន ឯកឧត្ដម អភិបាលខេត្តឧត្តរមានជ័យ គ្រោងរៀបចំអភិវឌ្ឍ និងតំបន់រមណីដ្ឋានសំខាន់ៗ ដើម្បីទាក់ទាញអ្នកទេសចរមកទស្សនាអំឡុងពេលចូលឆ្នាំខ្មែរខាងមុខ

រាជធានីភ្នំពេញ៖ ថ្លែងក្នុងអង្គស្និសីទការសែតនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃអង្គារទី២១ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងពីគម្រោងរៀបចំអភិវឌ្ឍរមណីដ្ឋានធម្មជាតិ និងវប្បធម៌ក្នុងខេត្ត នាឱកាសបុណ្យឆ្លងឆ្នាំខ្មែរខាងមុខនេះ ពិសេសការរៀបចំផ្សព្វផ្សាយអំពីស្ពានបុរាណមួយដែលប្រជាពលរដ្ឋខ្មែរភាគច្រើនមិនសូវស្គាល់នោះ គឺស្ពានទ័ព​ ឬស្ពានទិព្វ ស្ថិតនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ…។  ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ទទួលស្គាល់ថា តាមពិតទៅស្ពានទ័ព ឬស្ពានទិព្វនេះ ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ពិតជាមិនសូវមានប្រជាពលរដ្ឋខ្មែរស្គាល់ច្រើនមែន នោះគឺមួយផ្នែកមកពីមិនមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមួយផ្នែកទៀត ដោយសារ ស្ពានបុរាណមួយនេះស្ថិតនៅតំបន់ព្រំដែន ឆ្ងាយដាច់ស្រយ៉ាលដែលបងប្អូនប្រជាពលរដ្ឋពិបាកនឹងធ្វើដំណើរទៅលេងកាលពីជំនាន់មុន។ ប៉ុន្តែពេលនេះ រដ្ឋបាលខេត្តនឹងរៀបចំអភិវឌ្ឍតំបន់ទេសចរណ៍ទាំងផ្នែកទេសចរណ៍វប្បធម៌ និងផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីបម្រើឱ្យវិស័យទេសចរក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាពិសេនោះ គឺដើម្បីស្រូបទាញអ្នកទេសចរក្នុងស្រុក ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ(សង្ក្រាន្ត)ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បន្តថា បច្ចុប្បន្ន ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ពាន ផ្លូវថ្នល់នៅខេត្តឧត្តរមានជ័យត្រូវបានស្ថាបនាឡើងខ្វែងខ្វាត់ ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅខេត្តឧត្តរមានជ័យមានភាពងាយស្រួលជាងពេលមុនៗ។ កាលពីមុន បើចង់ធ្វើដំណើរពីខេត្តសៀមរាបទៅខេត្តឧត្តរមានជ័យ គឺត្រូវចំណាយពេល២ថ្ងៃ ព្រោះផ្លូវពិបាក ប៉ុន្តែឥឡូវ អាចធ្វើដំណើរត្រឹមតែជាង២ម៉ោងប៉ុណ្ណោះ គឺអាចទៅដល់ហើយ មិនពិបាកទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅលេងខេត្តសៀមរាបហើយ អាចទៅលេងបន្តនៅខេត្តឧត្តរមានជ័យ ទៀតបាន ហើយក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម សូមធានាលើការថែរក្សាសុខសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។  សូមបញ្ជាក់ថា ស្ពានទ័ព នេះ ត្រូវបានសាងសង់ឡើងនៅចុងស.វទី១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី៧ ស្ថិតនៅលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរធំ ទៅកាន់រាជធានីភីម៉ាយ(បច្ចុប្បន្នស្ថិតនៅប្រទេសថៃ)។ ស្ពានទ័ព ត្រូវបានបុព្វបុរសខ្មែរសង់កាត់ស្ទឹងស្រែង ដែលមានបណ្តោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១៦,៥០ម៉ែត្រ និងកម្ពស់១០ម៉ែត្រ។ ស្ពានទ័ព កំពុងប្រឈមនឹងបញ្ហាទ្រុឌទ្រោមនូវរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើត។ អស់រយៈពេលជាច្រើនសតវត្សរ៍ សសរស្ពាន ពិសេសផ្នែកខាងកើត បានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់៤ម៉ែត្រ។ លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំ ធ្វើឱ្យថ្មភក់ ដងខ្លួននាគ មួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗលួចយកទៅលក់ឱ្យក្រុមឈ្មួញទុច្ចរិតផងដែរ…៕    សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង