ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប បានប្រកាសបើកដំណើរការជាផ្លូវការហើយ ក្រោមព្រះរាជាធិបតី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានវត្តដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ាន ប៉ារ៉ាហ្គេម និងសិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើននាក់ ។ ការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃ នាថ្ងៃទី២១ ខែមីនានេះ ជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទអង្គរវត្ត និងគួរឲ្យស្ញប់ស្ញែង ដែលនៅក្នុងទេវកថា គឺជាកន្លែងដ៏ពិសិដ្ឋនៃទីប្រសព្វរវាងឋានទេវៈ និងឋានកណ្ដាល ដោយក្រុមបាគូនឹងរៀបចំចង្កៀងព្រះអគ្គិស្រូបយក ព្រះអគ្គិពីកម្ដៅព្រះអាទិត្យទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ ។ ព្រះរាជពិធីព្រះអគ្គិជ័យកីឡានេះ គឺកម្ពុជាមានលំនាំដូចគ្នា នឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ ។ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព» ។ បន្ទាប់ពីបញ្ចប់ព្រះរាជពីធីសុំព្រះអគ្គិជ័យកីឡា ដែលបានរៀបចំឡើងនៅទីតាំងក្តារបែនបរិវេណខាងក្នុងប្រាសាទអង្គរវត្ត ក៏មានពិធីដង្ហែភ្លើងគប់កីឡាជុំវិញវង់តូចប្រាសាទអង្គរវត្ត រួចឆ្ពោះទៅកាន់វត្តរាជបូណ៌ ក្នុងក្រុងសៀមរាប និងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែចេញពីវត្តរាជបូណ៌ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីបន្តដំណើរទៅកាន់បណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន១០ប្រទេស។បន្ទាប់ពីចប់ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៅបណ្តាប្រទេសទាំង១០ ហើយពិធីទទួលនឹងប្រារព្ធធ្វើនៅច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលខេត្តស្ទឹងត្រែង ។ នៅថ្ងៃទី២៨ខែមេសា ព្រះអគ្គិជ័យកីឡា នឹងបន្តដង្ហែមកកាន់រាជធានីភ្នំពេញ។ជាបន្តមកទៀត ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដង្ហែទៅកាន់ខេត្តជុំវិញបឹងទន្លេសាប ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង ទើបដង្ហែព្រះអគ្គិជ័យកីឡា ចូលពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយ:ពេល ៦៤ឆ្នាំ។ ដើម្បីត្រៀមខ្លួន ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។ រាយការណ៍ដោយ អ៊ុយ សុធុន TNM ប្រចាំខេត្តសៀមរាប , សម្រួលដោយ ទៀង បុណ្ណរី