ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានអញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ដែលជាទីអារាមដ៏ចំណាស់មួយនៅក្នុងមូលដ្ឋានឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមិទ្ធផលទាំងនេះ គឺបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងប្រជាពលរដ្ឋជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានរួមគ្នាកសាងជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងការគោពប្រតិបត្តិ និងតម្កល់ទុកជាទីសក្ការៈក្នុងព្រះពុទ្ធសាសនា ហើយការជួបជុំគ្នាថ្ងៃនេះ ក្នុងបរិយាកាសសប្បាយរីករាយ ខុសពីស្ថានភាពក្នុងទសវត្សរ៍​ឆ្នាំ១៩៧០ ដែលក្នុងកាលៈទេសៈនោះ ប្រទេសកម្ពុជាយើងកំពុងតែវឹកវរជ្រួលច្របល់ និងរងគ្រោះដោយជម្លោះបែកបាក់ ដែលនាំឱ្យមានការកាប់សម្លាប់ប្រជាពលរដ្ឋ និងការបំផ្លិចបំផ្លាញរាល់សមិទ្ធផលសង្គម រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏ដូចជាការធ្វើទុក្ខបុកម្និញបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋពីការគោរពប្រតិបត្តិជំនឿសាសនា ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព តាមរយៈ៖
ទី១. ការជួយទប់ស្កាត់ការវិលត្រលប់មកវិញនូវសង្គ្រាម និងជម្លោះបែកបាក់គ្រប់រូបភាព
ទី២. ការជួយថែរក្សាការពារសមិទ្ធផលដែលបានកើតមានទ្បើងក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង
ទី៣. ការបន្តចូលរួមកសាងនូវសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីជាគុណប្រយោជន៍ជូនជាតិ និងទុកជាកេរដំណែលសម្រាប់ជំនាន់ក្រោយៗទៀត។
គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រមុខ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាទូទាំងប្រទេស បានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឥតស្រាកស្រាន្តក្នុងបំណងប្រាថ្នាដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាចម្រុងចម្រើន រួមជាមួយនឹងសិទ្ធសេរីភាព និងឱកាសពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុភមង្គល។ សកម្មភាពប្រកបដោយការប្តេជ្ញាចិត្តទាំងនេះ គឺជាសច្ចធម៌ដែលអាចត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈសមិទ្ធ​ផល​ពិតជាក់ស្តែងជាច្រើននៅទូទាំងប្រទេស និងការទទួលបានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងរយៈកាលជាច្រើនឆ្នំាកន្លងមកនេះ។
ដូច្នេះ សូមមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ គប្បីរួមគ្នាការពារស្នាដៃ សមិទ្ធផល និងកិត្យានុភាពរបស់គណបក្ស ក៏ដូចជាសុច្ចរិតភាព និងភាពស្មោះត្រង់របស់ថ្នាក់ដឹកនាំគណបក្ស ចំពោះការការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែភូតភរកុហកបោកប្រាស់ និងញុះញង់អុចអាលតាមគ្រប់រូបភាព សំដៅធ្វើយ៉ាងណាបង្កអស្ថិរភាព និងបរិយាកាសវឹកវរច្របូកច្របល់ ដែលអាចនឹងនាំប្រទេសជាតិធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មី ដើម្បីតែបម្រើផលប្រយោជន៍ និងមហិច្ឆិតានយោបាយរបស់បុគ្គល និងបក្ខពួកខ្លួន ដោយពុំគិតសោះឡើយអំពីភាពសុខសាន្តរបស់ជាតិ និងប្រជាជន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង