ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា នៅក្នុងស្រុកកោះអណ្តែត

ខេត្តតាកែវ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលមួសស៊ីនីន និងសមិទ្ធផលនានា ដែលកើតចេញពីស្មារតីរួបរួមគ្នារបស់បងប្អូនសាសនិកឥស្លាម ទាំងក្នុងមូលដ្ឋានខេត្តតាកែវ ក៏ដូចជាទាំងក្នុង និងក្រៅប្រទេស លើមូលដ្ឋាននៃការគោរពប្រតិបត្តិជំនឿសាសនា និងសិល្បៈនៃការចែករំលែក។
អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាសាសនិកឥស្លាម ដែលបានចូលរួមចំណែកកសាងជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បានចូលរួមក្នុងការថែរក្សានូវភាពសុខដុមរមនាក្នុងមូលដ្ឋាន និងនៅទូទាំងប្រទេស នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះជាតិខ្មែរឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសអស់រយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ រហូតមានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធសេរីភាពផ្នែកជំនឿសាសនាផងដែរ ដោយមិនមានការរើសអើងសាសនា ឬជាតិសាសន៍ សំដៅថែរក្សាបាននូវសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មក្នុងសង្គម និងសុខុដុមនីយកម្មសាសនានៅកម្ពុជា ផ្អែកលើកត្តាចំនួន២គឺ៖
ទី១. ការចូលរួមចំណែកពីគ្រប់សហគមន៍សាសនាតាមរយៈជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការប្រកាន់ជំហរបើកទូលាយមិនចង្អៀតចង្អល់ និង
ទី២. ការបង្ករលក្ខណៈនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់ការគាំទ្រដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទិ៍៖ ការបើកទូលាយឱ្យទទួលជំនួយឧបត្ថម្ភដើម្បីអភិវឌ្ឍសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១.៥០០នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឱ្យសិស្ស-និស្សិតស្ត្រីឥស្លាមអាចពាក់ Hijab នៅតាមគ្រឹះស្ថានអប់រំសាធារណៈ, ការអនុញ្ញាតឱ្យសាសនិកឥស្លាមអាចស្លៀកសម្លៀកបំពាក់តាមប្រពៃណីរបស់ខ្លួនក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឱ្យមានការបង្កើតស្ថាប័ន Halal កម្ពុជា, ការបើកឱ្យមានកម្មវិធីបុណ្យអិចស្ទីម៉ាក ដែលជាការជួបជុំសាសនិកឥស្លាមក្នុង និងក្រៅប្រទេស ដើម្បីស្តាប់ធម៌ និងការរៀបចំសកម្មភាពគាំទ្រផ្សេងៗជាច្រើនទៀតដល់សហគមន៍ខ្មែរឥស្លាម។
ឯកឧត្តម នាយឧត្តមសេនីយ បណ្ឌិត ហ៊ុន ម៉ាណែត បានក្រាបបង្គំទូលនូវអំណរព្រះរាជគុណចំពោះព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះហឫទ័យដំទ្បើងឋានរន្តសកិ្ត ឯកឧត្តម ជា នាយឧត្តមសេនីយ៍ និងសូមគោរពអរគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការផ្តល់នូវទំនុកចិត្ត និងឱកាសដល់ឯកឧត្តម ក្នុងការបន្តចូលរួមដឹកនាំពង្រឹងកងយោធពលខេមរភូមិន្ទតទៅមុខទៀត ក្រោមបុព្វហេតុបម្រើជាតិ សាសនា ព្រះហាក្សត្រ៕ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង