អ្នកប្រកបរបរជីកសត្វរពីងលក់ ថ្ងូរពីការធ្លាក់ថ្លៃដែលធ្វើឱ្យពួកគេបោះបង់អាជីពមួយនេះ ខណៈតម្លៃសត្វរពីងលើទីផ្សារហក់ឡើងខ្ពស់

ខេត្តកំពង់ធំ៖ បើយោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បង្ហាញថា សត្វរពីង គឺជារន្ធកសត្វពួកមួយ រូបសណ្ឋានស្រដៀងនឹងពីងពាងធំ មានចង្កូមខុប ធ្វើរន្ធនៅក្នុងដីព័ទ្ធសរសៃចាក់ស្រេះភ្ជិតមាត់រន្ធ។ រពីងមានពីរយ៉ាងគឺ រពីងគោ មានរូបតូច សម្បុរប្រផេះ និងរពីងក្របី មានសម្បុរខ្មៅ រូបធំជាងរពីងគោ (អ្នកស្រុកខ្លះហៅ(ព្រវឹង)។ បច្ចុប្បន្ន សត្វរពីង ត្រូវបានអតិថិជនខ្មែរ និងបរទេសចូលចិត្តបរិភោគខ្លាំង ព្រោះសត្វប្រភេទនេះមានឱជារសឆ្ងាញ់ និងជួយបង្កើនថាមពលក្នុងរាងកាយ។  លោក គុណ សឿន ជាអ្នកប្រកបរបរជីកសត្វរពីងលក់ឱ្យឈ្មួញ បន្ទាប់ទំនេរពីការងារជាកម្មករនៅក្រុមហ៊ុនចម្ការកៅស៊ូក្នុងស្រុកមួយ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាទបល្ល័ង្គ ខេត្តកំពង់ធំ បានរៀបរាប់ថា បច្ចុប្បន្ន លោកមិនបានចាប់យកមុខរបរនេះ ជាចម្បងដូចកាលពីពេលមុនទេ ព្រោះតម្លៃដែលឈ្មួញដើរទិញ មានការធ្លាក់ចុះយ៉ាងខ្លាំងដែលមិនអាចឱ្យលោកយកអាជីពមួយនេះផ្គត់ផ្គង់ជីវភាពបាន ម្យ៉ាងអ្នកភូមិដែលធ្លាប់ដើររកជីកជាមួយលោកពីមុន ក៏នាំគ្នាឈប់អស់ច្រើនហើយដែរ ជួនកាលពីរទៅបីថ្ងៃទើបលោកដើររកជីកម្ដង។  បុរសជីកសត្វរពីងលក់ បន្តថា បច្ចុប្បន្នតម្លៃសត្វរពីងមួយក្បាលឈ្មួញដើរទិញចន្លោះពី៦០០រៀលទៅ១ពាន់រៀល ហើយក្សត់អ្នកដើរទិញដែរ ព្រោះអ្នកជីករពីងក្នុងភូមិរបស់លោកមួយចំនួនបានឈប់អស់ សព្វថ្ងៃលោកដើរជីកគ្រាន់តែនឹងយកមកធ្វើម្ហូបអាហារប្រចាំថ្ងៃ ជំនួសឱ្យការទិញម្ហូបពីផ្សារ ព្រោះជីវភាពគ្រួសារលោកក៏ក្រខ្សត់ដែរ។ ម្យ៉ាងសត្វរពីង ក៏មាន​ឱជារសឆ្ងុយឆ្ងាញ់ និងជាឱសថកែរោកឈឺឆ្អឹងឆ្អែងដែរ ទើបពេលទំនេរពីការងារ លោកតែងននាំកូនចៅដើររកមើលរន្ធ ដើម្បីជីកយកមកទុកធ្វើម្ហូបនៅពេលដែររកបានរន្ធច្រើន។  លោក គុណ សឿន បញ្ជាក់បន្ថែមថា សត្វរពីង ងាយនឹងរកបានណាស់ វារស់នៅតែក្នុងព្រៃណាដែលមានសត្វអង្ក្រងច្រើន ព្រោះសត្វអង្ក្រងជាអាហារដ៏សំខាន់របស់សត្វរពីង។ ចំណែករន្ធរបស់វាមានសរសៃអំបោះព័ទ្ធជុំវិញ បើយើងចង់ជីក គឺត្រូវមើលដំណេករបស់វា មិនត្រូវជីកពីលើរន្ធវាទេ ព្រោះវាអាចនឹងបាត់ដាន ហើយមិនងាយនឹងជីកដល់ផង។ ចំពោះ របៀបចាប់សត្វរពីងវិញ គឺងាយស្រួលណាស់ បន្ទាប់ពីជីកឃើញហើយ គេគ្រាន់តែយកមែកឈើវែងចាក់រុកឱ្យចំវាទៅ វានឹងខាំមែកឈើនោះជាប់ ហើយយើងអាចទាញមកដោយងាយ តែក៏ត្រូវប្រយ័ត្នដែរ បើវាខាំចំដៃជើង ក៏អាចធ្វើឱ្យយើងឈឺចុកចាប់បាន ព្រោះពិសវាខ្លាំង មិនអន់ជាងខ្ទួយ ឬខ្យាដំរីទេ។  ដោយឡែក លោក ជាម ចន្ធី ជាអ្នកលក់សត្វរពីងនៅហាងមានលាភ៩៩ស្គន់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឱ្យដឹងថា លោកជាអ្នកលក់សត្វរន្ធក ដូចជា រពីង ខ្យាដំរី និងពពួកសត្វល្អិតមានស្លាប ដូចជា ចង្រិត ខ្មុល កណ្តូបដោយទទួលទិញពីឈ្មួញកណ្តាល ដែលទៅទទួលទិញពីអ្នកដើរជីកតាមបណ្តាខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង យកមកលក់បោះដុំចាក់ចាញ់នៅស្គន់នេះ ដោយសត្វរពីងរស់មួយក្បាលថ្លៃ៣៣០០រៀល ទៅ៣៥០០រៀល ហើយលោកចម្អិនលក់វិញក្នុង១ក្បាលបានតម្លៃ៤០០០រៀល តែបើខែខែក្សត់ខ្លាំង គឺអាចលក់បានតម្លៃខ្ពស់ជាងនេះ។ លោកបន្ថែមថា ក្នុងចំណោមសត្វល្អិតដែលលោកលក់ជូនអតិថិជន សត្វដង្កូវដុកឌឿ មានអ្នកចូលចិត្តខ្លាំងជាងគេ បន្ទាប់មកសត្វរពីង កណ្តូប ចង្រិត និងកង្កែបបោក។ ក្នុងមួយថ្ងៃៗ លោកអាចលក់សត្វរពីងជូនអតិថិជនបានពី២០០ក្បាលឡើងទៅ។  សូមបញ្ជាក់ផងដែរថា ការចូលចិត្តទទួលទានសត្វរពីងជាអាហារ មិនថាតែភ្ញៀវខ្មែរក្នុងស្រុកទេ សូម្បីតែភ្ញៀវបរទេសក៏ចូលចិត្តទទួលទានអាហារប្រភេទសត្វឱសថមួយនេះដែរ។ ចំពោះអ្នកប្រកបរបរផលិតឱសថបុរាណ សត្វរពីង ប្រៀបដូចជាប្រទាលថ្នាំមួយមុខដែរ ពេលគេចាប់បានសត្វរពីងភ្លើង (ខ្លះហៅរពីងគោ) នៅរស់ គេយកទៅត្រាំស្រា-ស ហើយលាយជាមួយផ្លែឈើទុករយៈពេលមួយខែ ឬពីរខែ ទើបយកមកបរិភោគ ដើម្បីបំបាត់អាការចុកដៃ ចុកជើង និងបាត់ក្អក។ សត្វរពីង គឺជាអាហារសម្រាប់ញ៉ាំផង និងប្រើជាថ្នាំឱសថបុរាណផងដែរ។ បើគេយកទៅធ្វើអាហារ ភាគច្រើនគេតែងបំពង លីង ឬយកទៅអាំងឱ្យឆ្អិន ហើយបុកជាមួយម្ជូរក្រសាំង លាយជីនាងវង គឺមានឱជារសឆ្ងុយឆ្ងាញ់ខ្លាំងណាស់…៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង