រោងចក្រសហគ្រាសធំៗចំនួន៥ ជ្រើសរើសកម្មករ-កម្មការិនីជាង ៥ ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ បានរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិត នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» ដោយមានរោងចក្រសហគ្រាសធំៗចំនួន៥ ចូលរួមជ្រើសរើសកម្មករ-កម្មការិនីជាង ៥ ពាន់នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់កម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ។ មួយវិញទៀត ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារបន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ដើម្បីជួយដល់កម្មករ-កម្មការិនីឱ្យឆាប់ទទួលបានការងារថ្មីឡើងវិញ ក្នុងការរក្សាលំនឹងជីវភាព និងប្រាក់ចំណូលរបស់កម្មករ-កម្មការិនី បន្ថែមពីលើការទទួលបាននូវការគាំពារតាមរយៈការឧបត្ថម្ភសាច់ប្រាក់ពីសំណាក់រាជរដ្ឋាភិបាល ដូចអំឡុងពេលនៃការព្យួរកិច្ចសន្យាការងារក្នុងពេលរីករាលដាលជំងឺកូវីដ។ការរៀបចំព្រឹត្តិការណ៍ជ្រើសរើសកម្មករ-កម្មការិនីនេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ, មន្ទីរការងារខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ពិសេសបងប្អូនកម្មករ កម្មការិនី ដែលរស់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល។ យ៉ាងណាមិញ ទីភ្នាក់ងារជាតិមុខរបរ និងការងារនឹងបន្តរៀបចំព្រឹត្តិការណ៍ដូចគ្នានេះនៅតាមបណ្តាខេត្តដទៃទៀត ពិសេសខេត្តដែលមានតម្រូវការកម្លាំងពលកម្មច្រើនៗ ដើម្បីឱ្យកម្មករ-កម្មការិនីឆាប់ទទួលបានការងារ។ គូសបព្ជាក់ថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ដាលី ហ្គាម៉ិន អ៊ិនធើណេសិនណល (ខេមបូឌា) « Dali Garment International (Cambodia) Limited» ស្ថិតនៅខេត្តកំពង់ស្ពឺ ក៏ទើបតែបានសម្រេចព្យួរកិច្ចសន្យាការងារកម្មករ និយោជិតរបស់ខ្លួន ដោយគ្មានកំណត់ពេលវេលាផងដែរ។ ការណ៍នេះ ធ្វើឱ្យសហព័ន្ធសហជីពសេរីកម្មករនៃកម្ពុជា ( FTUWKC ) បានសម្ដែងនូវការសោកស្ដាយចំពោះការបាត់បង់ការងារ ក៏ដូចជាប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសាររបស់បងប្អូនកម្មករ-កម្មការិនីជាបណ្ដោះអាសន្ននេះ។ បន្ទាប់ពីទទួលបានព័ត៌មានពីសហជីពថា ចំនួនរោងចក្រដែលព្យួរការងារមានការកើនឡើង ហើយកម្មករ-កម្មការនីបានស្នើសុំជួយអន្តរាគមន៍ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាជាមួយម្ចាស់រោងចក្រ ដើម្បីជួយអន្តរាគមន៍លើបញ្ហាកម្មករព្យួរការងារផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី