ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកលឿនជ្រុលបុកទាំងកំរោល បណ្តាលអោយស្លាប់ទាំងព្រឹក
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណ:ដែលរូបនាងជិះម៉ូតូធ្វើដំណើរឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តព្រូសមួយគ្រឿងទៀត បើកលឿនជ្រុលបង្កូតទៅបុកចំពាក់ពាក់កណ្តាលម៉ូតូ បណ្តាលអោយខ្ទាតទាំងមនុស្ស និងម៉ូតូជាច្រើនម៉ែត្រ ហើយរថយន្តបង្កក៏រេចង្កូតបន្តទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយគៀកជាប់គ្នាមិនអាចបន្តដំណើរទៅមុខទៀតបាន។ ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ។ ជនរងគ្រោះមានឈ្មោះ ធូ សុធារី ភេទស្រីអាយុ ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក មានទីលំនៅក្បែរកន្លែងកើតហេតុ។ បច្ចុប្បន្នស្ត្រីខាងលើ មានកូនប្រុសស្រីចំនួន ០៣នាក់ និងជាស្ត្រីមេម៉ាយផងដែរ។ យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីមសេ ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ជិះធ្វើដំណើរតែម្នាក់ឯង ដោយចេញពីផ្លូវប៉េតុងផ្សារក្រមួនចាក់អង្រែ ហើយបើកឆ្លងកាត់ផ្លូវជាតិលេខ២ បំណងឡើងសំដៅទៅស្ពានអាកាសក្បាលថ្នល់។ ខណ:កំពុងឆ្លងផ្លូវនោះស្រាប់តែមានរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ (ពីស្ពានអាកាសចូលទៅតាខ្មៅ) ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលម៉ូតូរបស់ជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលអោយទាំងម៉ូតូនឹងមនុស្ស ត្រូវប៉ើងខ្ទាតជាច្រើនម៉ែត្រ ហើយស្ត្រីជាម្ចាស់ម៉ូតូត្រូវបោកផ្ទប់ខ្លួននឹងដងផ្លូវស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។ ចំណែកឯរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវបន្តទៀត បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខទៀតបាននោះឡើយ។ភ្លាមៗនោះ បុរសជាអ្នកបើករថយន្តបង្ក ក៏បានបើកទ្វាររថយន្តចេញទៅក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ដោយឡែកសពស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចធ្វើការព្យាយាមទាក់ទងបន្តទៅកាន់ក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ សម្រួលដោយ ទៀង បុណ្ណរី