ឡានដឹកថ្មរបស់ក្រុមហ៊ុនចិនមួយដឹកលើសទម្ងន់បណ្តាលឱ្យបាក់ស្ពាន

ខេត្តពោធិសាត់៖ ស្ពានដែកវែងមួយកន្លែងឆ្លងកាត់ស្ទឹងនៅអូរសោម បានបាក់ស្រុតអស់មួយកំណាត់ដោយសាររថយន្តដឹកថ្មមួយគ្រឿងរបស់ក្រុមហ៊ុនចិនដឹកលើសទម្ងន់ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។  លោកវីរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយរថយន្តដឹកថ្មក្លាវ៉ែតរបស់ក្រុមហ៊ុនចិនមួយដែលកំពុងធ្វើផ្លូវជាតិលេខ១០ថ្មី។  លោកអធិការនគរបាលរូបនេះបានបន្តថា ជនបង្កមានឈ្មោះ វី ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាកម្មករក្រុមហ៊ុនធ្វើផ្លូវថ្នល់។ យ៉ាងណាក្ដី លោកអធិការបានបញ្ជាក់ថាករណីនេះមិនបង្កឱ្យមានរបួសដល់អ្នកបើកបរ ឬអ្នកដទៃនោះឡើយ។  បច្ចុប្បន្ន ក្រុមហ៊ុនចិនបាននិងកំពុងស្ទូចរថយន្តដឹកថ្មចេញពីស្ពាន។ ចំពោះការធ្វើចរាចរណ៍ គឺអាចធ្វើដំណើរទៅមកបាននៅលើស្ពានថ្មដែលកំពុងសាងសង់ ប៉ុន្តែធ្វើដំណើរបានតែរថយន្តតូច និងម៉ូតូតែប៉ុណ្ណោះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង