សម្តេចតេជោ ហ៊ុន សែន មានប្រាសាសន៍សំខាន់ៗ ក្នុងឱកាសអញ្ជើញទទួលរតនវត្ថុរបស់ខ្មែរ ដែលទាមទារបានពីបរទេសមកវិញ

ភ្នំពេញ៖ ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យ​ជាតិ​​អន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជា​រតនៈ​សម្បត្តិ​របស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរ ក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់​ជា​ច្រើន​។  ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះ ក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួល​រតន​វត្ថុ​របស់ខ្មែរមួយចំនួន ដែលទើបនឹងទាមទារបានពីបរទេសមកវិញ។

នៅក្នុងពិធីទទួលរតនវត្ថុដែលធ្វើឡើងនៅវិមានសន្តិភាព, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាជាមួយខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះសម្តេចពិតជារីករាយបានទទួលនូវវត្ថុបុរាណខ្មែរ ដែលទទួលបានពីបរទេសមកវិញ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ដោយក្តីសោមនស្សរីករាយចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលនាំឱ្យកម្ពុជាទទួលបាននូវព្រលឹងវប្បធម៌ដូនតាខ្មែរត្រឡប់វិញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពបានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ៤ទសវត្សរ៍។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកដែលកំពុងកាន់កាប់រតនវត្ថុរបស់ខ្មែរ សូមប្រគល់មកឱ្យខ្មែរវិញ។

* សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្មខ្លួនយ៉ាងរហ័សក្នុងតំបន់ និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីដែលយើងកំពុងប្រារព្ធធ្វើនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិនៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ដែលថ្មីៗនេះបានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់និងគ្រឿងអលង្ការ បុរាណខ្មែរត្រឡប់មកកម្ពុជាវិញ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់វិស័យឯកជននានាចូលរួមគាំទ្រ ឱ្យកាន់តែច្រើនក្នុងសកម្មភាពវប្បធម៌។

* សម្តេចតេជោ ហ៊ុន សែន បួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិ និងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ។ សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង