ជប៉ុន បន្ដផ្តល់ឱកាសដល់ប្រជា ពលរដ្ឋកម្ពុជាទៅបំពេញការងារនៅប្រទេសរបស់ខ្លួន
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានបន្ដផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាបានទៅបំពេញការងារនៅប្រទេសរបស់ខ្លួន ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិត ស្និទ្ធលើការបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវ: និងគម្រោងសុខ ភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ។ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០២៣ថា ពាក់ព័ន្ធនឹងកម្ម សិក្សាការី និងប្រព័ន្ធបញ្ចូន ភាគីទាំងពីរនឹងបន្តពង្រឹងការគ្រប់គ្រងឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបន្តផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា បានទៅបំពេញការងារជាកម្មសិក្សាការី និងជាពលករ ហើយពេលដែលពួកគេត្រឡប់មកកម្ពុជាវិញ យកចំណេះដឹង និងជំនាញរបស់ពួកគេមកចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ទាក់ ទាញអ្នកវិនិយោគទុនជប៉ុនកាន់តែច្រើនទៀតមកកម្ពុជា។ ជាពិសេសភាគីទាំងពីរបានសំដែងនូវការពេញ ចិត្ត នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀតលើការជួយកែលម្អវគ្គបណ្តុះបណ្តាល ការបំពាក់សម្ភារៈសិក្សាតាមគ្រឹះ ស្ថានអប់រំបណ្តុះបណ្តាលបច្ចេក ទេសនិងវិជ្ជាជីវ: និងការបញ្ចូនអ្នកជំនាញឯកទេសជនជាតិជប៉ុន ក្រោមគម្រោង JICA។ បន្ថែមពីនេះ ភាគីទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការលើគម្រោង ២ទៀត គឺទី១ គម្រោងជួយធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនៃកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគម្រោងអាស៊ាន/ជប៉ុន និងទី២ គម្រោងសុខភាពបន្តពូជសម្រាប់កម្មការិនីក្នុង វិស័យកាត់ដេរ៕ សម្រួលដោយ ទៀង បុណ្ណរី