វេចលុយគេជាង ១ លានដុល្លារ យកទៅ ហើយចេញសែកស្អុយសងវិញ ត្រូវចាប់ខ្លួន

កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​មីនា ឆ្នាំ ២០២៣ បាន​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​សែក​ស្អុយ​ជាង ១ លាន​ដុល្លារ។  ជនសង្ស័យ​ឈ្មោះ សួន វុ​ធ ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រកស៊ី មាន​អាសយដ្ឋាន ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចូល​បង្ហាញខ្លួន​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ ឲ្យ​បាន​មុន​ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២៣ ដើម្បី​សាកសួរ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បណ្ដឹង​របស់ ឈ្មោះ យឹម សុខលី ភេទ​ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ​ខ្មែរ។  អង្គហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ ២០២២ ឈ្មោះ សួន វិធី បាន​ទំនាក់ទំនង​មក​ជនរងគ្រោះ​ឈ្មោះ យឹម សុខលី ដើម្បី​ដាក់​ទុន​រកស៊ី​លើ​ទំហំ​ទឹកប្រាក់ ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) នៅ​ចំណុច​ហាង​របស់​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ SL PUB មាន​ទីតាំង​ស្ថិតនៅ ផ្ទះ​លេខ ១១២ ផ្លូវ​លេខ ២៩១ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ដោយមាន​ការ​ទុក​ចិត្ត ជនរងគ្រោះ បាន​ប្រគល់​ប្រាក់​ចំនួន ១.៣៥០.០០០ ដុល្លារ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​) ឲ្យ​ទៅ​ឈ្មោះ សួន វុ​ធ ហើយ​ជនសង្ស័យ​បាន​ធានា​អះអាង​ថា ក្នុង​រយៈពេល ២ ថ្ងៃ នឹង​សង​ជនរងគ្រោះ​វិញ។ លុះដល់​ថ្ងៃ​កំណត់ ជនសង្ស័យ បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន ២ សន្លឹក ឲ្យ​ទៅ​ជនរងគ្រោះ មូលប្បទានប័ត្រ​មួយ​មាន​ទំហំ​ទឹកប្រាក់​ចំនួន ៩០០.០០០ ដុល្លារ មូលប្បទានប័ត្រ​ទី​ពីរ មាន​ទំហំ​ទឹកប្រាក់​ចំនួន ៤៥០.០០០ ដុល្លារ របស់​ធនាគារ​(ABA)។ ក្រោយពី​ទទួល​មូលប្បទានប័ត្រ​ពីរ​សន្លឹក​រួច ជនរងគ្រោះ បាន​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ខាង​ធនាគារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​ទាំងពីរ​សន្លឹក​នេះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​ទេ។ ហើយ​ពេលនោះ ជនរងគ្រោះ​ឈ្មោះ យឹម សុខលី បាន​ព្យាយាម​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ សួន វុ​ធ គ្រប់​មធ្យោបាយ ដើម្បី​ដោះស្រាយ ប៉ុន្តែ​ជនសង្ស័យ​ព្យាយាម​គេចវេះ​រហូត ទើប​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​បណ្ដឹង​រហូត​ដល់​មាន​ការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​តែម្ដង៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង