កីឡាករ-កីឡាការិនីវាយកូនបាល់នឹងទទួលបាន ២ម៉ឺនដុល្លារពីប្រធានសហព័ន្ធ បើឈ្នះមេដាយមាសស៊ីហ្គេម
វាយកូនបាល់៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រកាសផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមចំនួន ២ម៉ឺនដុល្លារដល់កីឡាករ-កីឡាការិនីរបស់ខ្លួនណាដែលដណ្ដើមបានមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធ ក្រោយមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២២ បន្ដអាណត្តិថ្មីទី៧ ឆ្នាំ២០២២-២០២៦ ស្របពេលគណៈកម្មាធិការប្រតិបត្តិបានបោះឆ្នោតគាំទ្រអ្នកឧកញ៉ា សៀ ឬទ្ធី បន្ដធ្វើជាប្រធានសហព័ន្ធបន្ដទៀតកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។ ពាក់ព័ន្ធកីឡាស៊ីហ្គេម អគ្គលេខាធិការសហព័ន្ធដដែលបានបញ្ជាក់ថា មកទល់ពេលនេះមានអត្តពលិក ៩ប្រទេសដែលបានចុះឈ្មោះចូលរួម លើកលែងប្រុយណេ និងទីម័រខាងកើតប៉ុណ្ណោះដែលពុំបានចុះឈ្មោះ។ រីឯកីឡាករ-កីឡាការិនីកម្ពុជាក្នុងនាមម្ចាស់ផ្ទះក៏បានត្រៀមខ្លួនរួចរាល់ផងដែរ ក្រោយការយកចិត្តទុកដាក់ខ្ពស់របស់សហព័ន្ធ ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។ ទន្ទឹមជាមួយគ្នា ដើម្បីលើកទឹកចិត្ដដល់ការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនីខ្លួន សម្រាប់អ្នកដណ្ដើមបានមេដាយមាសស៊ីហ្គេម ក្រៅពីទទួលបានប្រាក់រង្វាន់រាជរដ្ឋាភិបាល និងសប្បុរសជននានា ប្រធានសហព័ន្ធអាណត្តិថ្មីអ្នកឧកញ៉ា សៀ ឬទ្ធី ក៏នឹងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២ម៉ឺនដុល្លារក្នុងមេដាយមាស ១គ្រឿងផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ទេព រិទ្ធីវិទ្ធ។ សូមបញ្ជាក់ថា សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាអាណត្តិទី៧ ក្រៅពីអ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធាន និងលោក ទេព រិទ្ធីវិទ្ធ ជាអគ្គលេខាធិការ គឺមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាប្រធានកិត្តិយសសហព័ន្ធ, លោកស្រី ស៊ុំ សុខា អនុប្រធាន, លោក ជា ពៅ អគ្គលេខាធិការរង, លោកស្រី ឯក ប៊ុនលក្ខិណា ជាអគ្គហេរញ្ញិក និងលោក ឈាន សុវណ្ណ អគ្គហេរញ្ញិករង ព្រមទាំងសមាជិក ៥រូបផ្សេងទៀត៕ សម្រួលដោយ ទៀង បុណ្ណរី