អ្នកផលិតអំបិលបានលើកឡើងថា៖ ឆ្នាំនេះ កម្ពុជា អាចខ្វះអំបិលផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុកដូចឆ្នាំមុន

អ្នកផលិតអំបិល នៅខេត្តកំពត បានលើកឡើងថា ការផ្គត់ផ្គង់អំបិលក្នុងស្រុកឆ្នាំនេះ ទំនងជាខ្វះខាតដូចឆ្នាំមុន ព្រោះការ​ប្រមូលផលយឺតយ៉ាវ ដោយសារកត្តាអាកាសធាតុ។   អ្នកស្រី ខេង សុផល អ្នកផលិតអំបិលនៅខេត្តកំពត បានលើកឡើងថា ការប្រមូលផលអំបិលទើបតែបានចាប់ផ្តើមនៅខែ មីនានេះ ដោយសារមេឃភ្លៀងជាបន្តបន្ទាប់ បង្កឱ្យមានការយឺតយ៉ាវក្នុងការប្រមូលផល។ ជាទំលាប់ការប្រមូល​ផលអំបិល ត្រូវចាប់ផ្តើមពីចុងខែ ធ្នូ ឬដើមខែ មករា ដល់ខែឧសភា នៃឆ្នាំនីមួយៗ។ នេះជាការបញ្ជាក់អ្នកស្រី ខេង សុផល។  អ្នកផលិតអំបិលរូបនេះ បានលើកឡើទៀតថា ឆ្នាំនេះ ហាក់មានសភាពស្ទើរតែយ៉ាប់យ៉ឺនជាងឆ្នាំមុនទៅទៀត។ អ្នកស្រីលើកឡើងថា ឆ្នាំមុន ខែ១ ឬខែ២ អាចប្រមូលផលអំបិលបានហើយ ដោយឡែកឆ្នាំនេះ អាកាសធាតុ​មិនអំណោយផល មានភ្លៀងធ្លាក់ជាហូរហែ ធ្វើឱ្យការប្រមូលផលត្រូវពន្យារដល់ដើមខែបី។  អ្នកស្រី សង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ ប្រសិនបើអាកាសធាតុល្អ ការប្រមូលផលនឹងបានល្អប្រសើរ ប៉ុន្តែបើសិន​ជាមេឃនៅបន្តភ្លៀង អំបិលឆ្នាំនេះ នឹងខ្វះការផ្គត់ផ្គង់ច្រើនជាងឆ្នាំមុនទៅទៀត។ អ្នកស្រី សុផល បានលើក​ឡើងដូច្នេះ​ថា« បើសិនជាអាកាសធាតុល្អ មួយឆ្នាំអាចប្រមូលផលអំបិលបាន ១ម៉ឺនតោន លើផ្ទៃដីជាង ២០០ហិកតា»។  ដូចគ្នានេះដែរ លោក តុង ក្លឹង អ្នកផលិតអំបិលមួយរូបទៀត បានឱ្យដឹងថា លោកប្រមូលផលអំបិលបានចំនួន ៦០-៧០ ភាគរយហើយ។ ទាក់ទងនឹងទិន្នផលថា តើឆ្នាំនេះ កម្ពុជា អាចផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ឬទេ? លោក ក្លឹង ឆ្លើយតបថា ការណ៍នេះ មិនអាចវាយតម្លៃបានទេ ដោយសារការធ្វើអំបិល គឺមើលទៅលើអាកាសធាតុ។ លោកថា បើអាកាសធាតុល្អ ការផលិតអំបិលក៏បានច្រើនទៅតាមនោះ តែបើមេឃភ្លៀង អំបិលនឹងរលាយ មិនអាចប្រមូលផលបានឡើយ។  បើតាមលោក តុង ក្លឹង កម្ពុជា ប្រើប្រាស់អំបិល ១០ម៉ឺនតោន ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០២២ ស្ថានភាពអាកាស​ធាតុមិនល្អ ធ្វើឱ្យកម្ពុជា នាំចូលអំបិលជាង ១០ម៉ឺនតោន ពីប្រទេសឥណ្ឌាមកផ្គត់ផ្គង់តម្រូវការ។ ដោយឡែកឆ្នាំនេះ មិនខុសពីឆ្នាំមុន លោក តុង ក្លឹង ព្យាករណ៍ថា កម្ពុជា នឹងខ្វះអំបិលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្តទៀត។ ការខ្វះខាតដោយសារ ដីស្រែអំបិលមួយចំនួន ដែលកសិករធ្លាប់ធ្វើកន្លងមក ទទួលបានផលពី ១០-១៥ម៉ឺនតោន ត្រូវទុកចោលមិនផលិតអំបិល និងអ្នកខ្លះទៀតលក់ដី ហើយអ្នកទិញដីនេះ ក៏ទុកដីឱ្យទំនេរចោលផងដែរ។​​ លោក ក្លឹង មានដីផលិតអំបិល ៤០ ហិកតា បើមេឃធម្មតា អាចប្រមូលផលអំបិលបានចំនួន ២ពាន់តោន ស្មើនឹង ៤ម៉ឺនបាវ(១បាវ ៥គីឡូ)។​ សម្រាប់តម្លៃ លោក តុង ក្លឹង បានឱ្យដឹងថា អំបិលលេខ១ មានតម្លៃ ២ម៉ឺនរៀល ក្នុងមួយបាវ(៥០គីឡូ), លេខ២ តម្លៃ ១៨.០០០រៀល, លេខ៣ តម្លៃ ១៥.០០០រៀល។​​លោក ប៊ុន ណារិន អ្នកផលិតអំបិលនៅខេត្តកំពតនេះដែរ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ កម្ពុជា ផលិតអំបិលបាន​ប្រមាណតែ ៣ម៉ឺនតោនប៉ុណ្ណោះ តម្រូវឱ្យមានការនាំចូលពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។  បើតាមលោក ប៊ុន ណារិន ផ្ទៃដីផលិតអំបិលផ្លូវការ ដែលរដ្ឋទទួលស្គាល់នៅខេត្តកំពត មានចំនួនជាង ៣៧០០ហិកតា និងមានអ្នកផលិតចំនួន ២០០ក្រុម។ ប៉ុន្តែបច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅសល់តែ ១៣៩ក្រុមប៉ុណ្ណោះ ដោយសារតែ​បញ្ហាអាកាសធាតុ បានធ្វើអ្នកផលិតមួយចំនួនខាតច្រើន ក៏បោះបង់មុខរបរនេះ ដោយងាកទៅប្រកប​ការងារផ្សេង​ជំនួសវិញ។  កម្ពុជា ផលិតអំបិលតាមបែបធម្មជាតិ ដែលធ្វើឱ្យអំបិលផ្ទុកទៅដោយសារធាតុសំខាន់ៗជាច្រើន ខុសពីអំបិលរ៉ែនៅ​ក្រោមដី។ សារធាតុសំខាន់ៗ នៅក្នុងអំបិល រួមមាន ជាតិដែក កាល់ស្យូម ប៉ូតាស្សូម និងម៉ាញ៉េស្សូម ជាដើម ដែលជួយ​ទ្រទង់ដល់ជីវិតមនុស្ស។ នេះជាការបន្ថែមរបស់លោក ប៊ុន ណារិន៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង