ចាប់ពីថ្ងៃនេះ! ក្រសួងសាធារណការបិទផ្លូវទឹករយៈពេលពីរថ្ងៃ ត្រង់ចំណុចស្ពានព្រែកព្នៅ

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសបិទនាវាចរណ៍ជាបណ្ដោះអាសន្នចំពោះមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកចំណុចស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាការបិទនេះធ្វើឡើងតបតាមការស្នើសុំរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលត្រូវតភ្ជាប់ និងអនុវត្តការងារ ដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើយខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងបំពេញសេចក្តីត្រូវការបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឱ្យបានទាន់កម្មវិធីផែនការដែលបានកំណត់ ហើយការដាក់បំពង់មេនាំទឹកស្អាតនេះនឹងប្រព្រឹត្តទៅចាប់ពី ម៉ោង៦ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ រហូតដល់ម៉ោង៦ និង០០នាទី ល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ។  គួរបញ្ជាក់ថាបើតាមសេចក្តីជូនដំណឹង ការបិទការធ្វើនាវាចរណ៍ជាបណ្តោះអាសន្ននេះ គឺដើម្បីគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ អាស្រ័យហេតុនេះអគ្គនាយកដា្ឋនដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្ទ និងកំពង់ផែសង្ឃឹមយ៉ាងមុតមាំថាសហគ្រាសសាធារណៈ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់នាវា និងមធ្យោបាយគ្រប់ប្រភេទតាមផ្លូវទឹកទាំងអស់ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង