ករណីកូនសិស្សនៅខេត្តក្រចេះរងអំពើហិង្សា ប្រធានមន្ទីរថានឹងចុះស្រាវជ្រាវបញ្ហានេះនៅថ្ងៃនេះឬថ្ងៃស្អែក
ក្រចេះ៖ ថ្លែងប្រាប់ (ធី អិន អឹម) តាមទូរសព្ទ ប្រធានមន្ទីរអប់រំខេត្តក្រចេះ លោក ឡាយ បូរ៉ា បញ្ជាក់ថាលោកបានចាត់ឱ្យការិយាល័យអប់រំស្រុកចុះស្រាវជ្រាវហើយ រួចប្រសិនបើរកឃើញថាអ្នកគ្រូដែលរងការចោទប្រកាន់បានប្រព្រឹត្តហិង្សាលើកូនសិស្សមែន នោះមន្ទីរអប់រំខេត្តក្រចេះនឹងមានវិធានការសមស្របផងដែរ។ វិធានការរបស់ប្រធានមន្ទីរអប់រំខេត្តក្រចេះ នាពេលនេះធ្វើឡើងស្របគ្នានឹងពេលដែលអាណាព្យាបាលកូនសិស្សរៀននៅសាលាបឋមសិក្សាថ្មគ្រែ ក្នុងខេត្តក្រចេះ អំពាវនាវរកយុត្តិធម៌ ដោយអះអាងថាកូនរបស់គាត់រងអំពើហិង្សាពីអ្នកគ្រូម្នាក់។ ម្តាយកុមារា វណ្ឌី រៀនថ្នាក់ទី២ ដែលបានលើកដៃសំពះសុំឱ្យមានការជួយរកយុត្តិធម៌ឱ្យកូនអ្នកស្រី បានផ្តល់បទសម្ភាសមក (ធី អិន អឹម ) ថា កូនរបស់អ្នកស្រីត្រូវបានអ្នកគ្រូ ភោគ វណ្ណៈ វាយនឹងអំបោស ចំនួន៤អំបោស ខណៈដែលកន្លងទៅអ្នកគ្រូរូបនេះក៏ធ្លាប់បានវាយកូនរបស់អ្នកស្រីម្នាក់ផ្សេងទៀតរងរបួសស្នាមផងដែរ។ ជុំវិញបញ្ហានេះ នាយកសាលាថ្មគ្រែ យិន បូរ៉ា ត្រូវបានចោទថាជាមន្ត្រីអប់រំដែលអសកម្ម មិនអើពើចំពោះបាតុភាពដែលកើតឡើងក្នុងសាលាឡើយ។ ដូច្នេះហើយបានជាមានការស្នើដល់ប្រធានមន្ទីរអប់រំខេត្តក្រចេះ លោក ឡាយ បូរ៉ា ឱ្យត្រួតពិនិត្យ និងមានវិធានការលើនាយកសាលារូបនេះផងដែរ ដើម្បីលុបបំបាត់អំពើហិង្សា និងលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យអប់រំ៕ សម្រួលដោយ ទៀង បុណ្ណរី