ពិព័រណ៍សៀវភៅក្នុងទិវាជាតិអំណានលើកទី៨ ទទួលបានការគាំទ្រច្រើនពីយុវជន និងអ្នកនិពន្ធ
ភ្នំពេញ៖ ពិព័រណ៍សៀវភៅ ជាសកម្មភាពមួយនៃទិវាជាតិអំណានលើកទី៨ ដែលបានចាប់ផ្ដើមនៅថ្ងៃទី ១០ រហូតដល់ថ្ងៃទី១២ ខែមីនាខាងមុខ។ ការចាប់ផ្ដើមដំបូងនៃពិព័រណ៍សៀវភៅនេះ គឺមានការចូលរួម និងគាំទ្រច្រើនពី យុវជនជាសិស្ស និស្សិត ក៏ដូចជាបណ្ដាអ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយផងដែរ។ ពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណានលើកទី៨ បានចាប់ផ្ដើមនាព្រឹកនេះ ក្រោមវត្តមាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍សៀវភៅនេះ គឺមានស្តង់ចំនួនរហូតដល់ ១១០ស្តង់ ដោយមានការចូលរួមពីបណ្ដាអ្នកនិពន្ធ ក៏ដូចជាគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើន។ ចំពោះសៀវភៅ ដែលមានការដាក់លក់តាមស្តង់ គឺមានច្រើនប្រភេទ សុទ្ធសឹងជាភាសាខ្មែរ។ ប្រភេទសៀវភៅទាំងនោះ រួមមាន សៀវភៅពាក់ព័ន្ធនឹងការអភិវឌ្ឍខ្លួន សៀវភៅនិយាយពីគន្លឹះការសិក្សា គន្លឹះក្នុងការធ្វើអាជីវកម្ម សៀវភៅបែបប្រវត្តិសាស្រ្ត សៀវភៅប្រលោមលោក សៀវភៅសម្រាប់កុមារ និងសៀវភៅជាច្រើនប្រភេទផ្សេងទៀត។ ក្នុងថ្ងៃចាប់ផ្ដើមដំបូងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បញ្ជាក់ថា វាជាការរៀបចំដើម្បីរម្លឹកគុណដល់សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ហើយក៏ជាការរៀបចំដើម្បីពញ្ញាក់អារម្មណ៍ឱ្យប្រជាជនកម្ពុជា ពិសេសយុវជនឱ្យស្រលាញ់ការអាន។ ក្នុងឱកាសចូលរួមក្នុងពិព័រណ៍នេះដែរ លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា លើកឡើងដែរថា ការរៀបចំឱ្យពិព័រណ៍សៀវភៅនេះឡើង ពិតជាសកម្មភាពប្រសើរ។ លោកថា ពិព័រណ៍នេះក្រៅពីជំរុញការអាន គឺវាជាការលើកទឹកចិត្តឱ្យអ្នកនិពន្ធខិតខំស្រាវជ្រាវ បន្តការងាររបស់ខ្លួន។សម្រាប់ថ្ងៃដំបូងនេះ វត្តមានសិស្សនិស្សិតគឺមានច្រើនចាប់តាំងពីពេលព្រឹកមកម្ល៉េះ ។ ពួកគេជានិស្សិតលើកឡើងថា ការអានពិតជាសំខាន់ក្នុងការពង្រីកចំណេះដឹង។ ពួកគេពិតជាគាំទ្រក្នុងការរៀបចំឱ្យមានពិព័រណ៍សៀវភៅ ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប។ ពិព័រណ៍សៀវភៅនេះ គ្រាន់តែជាផ្នែកមួយនៃទិវាជាតិអំណានតែប៉ុណ្ណោះ។ ទិវាជាតិអំណាន គឺមានសកម្មភាពជាច្រើនផ្សេងទៀត បូករួមទាំងការប្រកួតប្រជែងការអានអត្ថបទ ការសូត្រកំណាព្យ ការតែងនិពន្ធ ការធ្វើបាឋកថា និងការធ្វើបទបង្ហាញនានាផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី