កូនខ្មែរបានបោះទុន ៣០០លានដុល្លារ សង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅស្រុកំពង់លែង
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្មែរមួយវិនិយោគសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំមួយនៅលើទឹកដីឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលប្រជាពលរដ្ឋតាមផ្លូវទឹក។ គម្រោងសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មដ៏ធំនេះ ទទួលបានការស្វាគមន៍ខ្លាំងក្លាពីអាជ្ញាធរជាមួយក្តីរំពឹងថា រួមចំណែកធ្វើឱ្យប្រសើរនូវជីវភាពប្រជាពលរដ្ឋ។ កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ស្ថិតនៅតំបន់ភ្នំទេពី ភូមិកែងតាសុខ ឃុំកំពង់ ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd វិនិយោគសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ។ លោក ប្រាក់ វុទ្ធី តំណាងក្រុមហ៊ុន បានឱ្យដឹងថា ផ្ទៃដីដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគមានទំហំ ១០០ហិកតា។ បើតាមតំណាងក្រុមហ៊ុន បានឱ្យផងដែរថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននៅតំបន់នេះ រួមមាន កំពង់ផែដឹកជញ្ជូនទំនិញ បង្កើតមណ្ឌលសន្និធិប្រេង បង្កើតរមណីយដ្ឋានទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស (តំបន់ឧស្សាហកម្ម ទីផ្សារដោះដូរទំនិញ ឃ្លាំងសម្រាប់ជួលស្តុកទំនិញ និងចែកចាយទំនិញលក្ខណៈជាតិ និងអន្តរជាតិ)។ បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលហើយនោះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាងមមាញឹក ពន្លឿនការសាងសង់ឱ្យបានរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខ។ យោងតាម លោក ប្រាក់ វុទ្ធី ត្រឹមរយៈប្រមាណជាងមួយខែប៉ុណ្ណោះ ក្រុមហ៊ុនសាងសង់ហេដ្ឋរចនាសម្ព័ន្ធជាច្រើននៅតំបន់នោះ មានដូចជាផ្លូវតភ្ជាប់ពីផ្លូវ៥០សេ ទៅទីតាំងកំពង់ផែ អគាររដ្ឋបាល អគារស្នាក់នៅ ផែសម្រាប់ផ្ទេរទំនិញ ទីតាំងជញ្ជីងសម្រាប់ថ្លឹងរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ដំណើរការសាងសង់កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ។ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យ និងវាយតម្លៃពីដំណើរការសាងសង់នោះ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះដំណើរការសាងសង់របស់ក្រុមហ៊ុនមានភាពលឿនរហ័ស។ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងស្វាគមន៍ និងរីករាយចំពោះការវិនិយោគសង់ជាកំពង់ផែ និងមជ្ឈមណ្ឌលភស្តុរភាកម្មនៅតំបន់នោះ ព្រោះជាចំណែកមួយធ្វើឱ្យការដឹកជញ្ជូនកាន់តែប្រសើរ ជាពិសេសការតភ្ជាប់នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក ដែលជាមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដូច្នេះ «សួរថាកំពង់ផែនេះចំណេញអ្វី? វាចំណេញច្រើន យើងជំរុញឱ្យមានការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន។ បើដឹកផ្លូវគោកវាខូចខាតផ្លូវ ហើយប្រើថវិកាច្រើន។ យើងខិតខំសាងសង់ផែរណបច្រើនតាមទន្លេរបស់យើងទាំងទន្លេសាប ទន្លេបាសាក ទន្លេមេគង្គ សេកុង សេសាន ស្រែពក។ល។ ធ្វើម៉េចឱ្យការដឹកជញ្ជូនតាមផ្លូវទឹកយកទៅលក់នៅបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ»។ លោកទេសរដ្ឋមន្ត្រី បានមើលឃើញផងដែរថា កំពង់ផែពហុបំណង និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាតំបន់យុទ្ធសាស្ត្រល្អមួយបម្រើដល់ការដឹកជញ្ជូនផងដែរ ព្រោះជាចំណុចកណ្តាលប្រទេស ហើយជាកន្លែងបែងចែកទំនិញដ៏ល្អមួយពីបណ្តាខេត្តជុំវិញបឹងទន្លេសាប និងខេត្តដទៃទៀត ឆ្ពោះទៅទីផ្សារអន្តរជាតិ។ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ស្រុកកំពង់លែងមានប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយពឹងអាស្រ័យធំលើរបរធ្វើស្រែ។ ដោយសារស្រុកកំពង់លែង ត្រូវកាត់ផ្តាច់ដោយទន្លេ និងបឹងទន្លេសាបនោះ បានបង្កជាឧបសគ្គលំបាកក្នុងការដឹកជញ្ជូនកសិផលទៅទីផ្សារ។ បើឈ្មួញចូលមកដឹកក៏តម្លៃលក់មិនបានខ្ពស់ផងដែរ ព្រោះត្រូវចំណាយច្រើនលើការដឹកជញ្ជូន។ លោកអភិបាលខេត្តកំពង់ឆ្នាំង បានស្វាគមន៍ចំពោះការវិនិយោគបង្កើតជាផែ និងជាមជ្ឈ មណ្ឌលភស្តុភារកម្មនេះ។ តាមរយៈកំពង់ផែនេះ មិនត្រឹមបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅតំបន់នោះធ្វើប៉ុណ្ណោះទេ ជាពិសេសសម្រួលការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលជាចំណែកធ្វើឱ្យតម្លៃកសិផលប្រជាពលរដ្ឋបានខ្ពស់។ ឃុំកំពង់ហាវ ស្រុកកំពង់លែង ជាតំបន់មួយដែលត្រូវលិចទឹកក្នុងរដូវវស្សា ហើយក៏ជាកន្លែងសម្រាប់ត្រីបំលាស់ទីផងដែរ។ ដូច្នេះការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ ក៏ត្រូវបានគិតគូរផងដែរទៅលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្រសួងបានសិក្សា និងវាយតម្លៃរួចរាល់ហើយ ហើយការសាងសង់កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មនេះ មិនបានបង្កផលប៉ះពាល់ទៅដល់បរិស្ថាននោះឡើយ។ តាមការរំពឹងទុកការសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ នឹងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រមាណពី ១,០០០កន្លែង ទៅដល់ ១,៥០០កន្លែង៕ សម្រួលដោយ ទៀង បុណ្ណរី