រថយន្តដឹកសិប្បកម្មកែច្នៃ លួចបង្កប់ឈើប្រណិតពីខេត្តស្ទឹងត្រែង ចែកចាយនៅរាជធានីភ្នំពេញ
ខេត្តក្រចេះ៖ ក្រុមឈ្មួយដឹកសិប្បកម្មកែច្នៃ បានលួចបង្កប់ដាក់ឈើប្រភេទលេខ១ (ឈើប្រណិត) ចេញពីគោលដៅខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះយកទៅចែកចាយនៅរាជធានីភ្នំពេញ បានយ៉ាងរលូន ខណៈអាជ្ញាធរសមត្ថកិច្ចខេត្តទាំងពីរខាងលើ គ្មានការចុះបង្រ្កាបក្រុមឈ្មួញទាំងនោះឡើយ ព្រោះមានការទម្លាយឱ្យដឹងថា អាជ្ញាធរជំនាញពាក់ព័ន្ធទាំងនោះ បានទទួលប្រាក់ពីឈ្មួញប្រចាំខែរួចហើយ…។ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ TNM ប្រចាំខេត្តក្រចេះកាលពីល្ងាចថ្ងៃទី០៩មិនា បានឱ្យដឹងថា ឈ្មួញដឹកគ្រឿងសិប្បកម្មកែច្នៃលក់តាមបណ្តាខេត្ត និងរាជធានីភ្នំពេញដ៏ល្បីឈ្មោះម្នាក់នៅខេត្តស្ទឹងត្រែង ឈ្មោះចែភណ្ឌ បានបង់ប្រាក់ឱ្យទៅមន្ត្រីជំនាញពាក់ព័ន្ធតាមខ្សែបណ្តោយដងផ្លូវនេះ ទើបពួកគេដឹកជញ្ជូនអនុផលព្រៃឈើ ទាំងកណ្តាលថ្ងៃបានយ៉ាងរលូន គ្មានមន្ត្រីអាជ្ញាធរណាឃាត់ឃាំងឡើយ។ ចំណែក ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចែភណ្ឌនេះ ប្រើល្បិចថ្ពិនភ្នែកអាជ្ញាធរដោយបានដាក់បង្កប់ឈើប្រណិតលេខ១នៅពីក្រោមគ្រឿងសង្ហារឹមទាំងនោះ យកទៅចែកចាយនៅភ្នំពេញ និងតាមផ្ទះមន្ត្រីធំៗ ឧកញ៉ា និងគហបតីមួយចំនួនដែលបានកុហ្មង់ទិញ។ ប្រភពខាងលើបន្តថា ឈ្មួញស្រីម្នាក់នេះ មានរថយន្តស៊ាំយ៉ុងពីរទៅបីគ្រឿងសម្រាប់ដឹកយកទៅចែកចាយ និងប្រើវិធីបំភ័នភ្នែកមហាជន ដោយបានបង្កប់ឈើប្រណិតនៅពីក្រោម ហើយដាក់គ្រឿងសង្ហារឹម និងរបស់កែច្នៃដែលទទួលបានសិទ្ធិដឹកជញ្ជូនពីអាជ្ញាធរ លួចប្រព្រឹត្តបទល្មើសនៅពីក្រោយ។ យ៉ាងណា ស្ត្រីរូបនេះបានប្រើលុយធ្វើធ្នាក់ទាក់ភ្នែកមន្ត្រីជំនាញ មិនឱ្យអនុវត្តច្បាប់បាននោះទេ ព្រោះខ្លាចបាត់បង់លាភសក្ការៈរបស់ខ្លួនប្រចាំខែ ទើបឈ្មួញជួញអនុផលព្រៃឈើរូបនេះបានដៃ ហ៊ានដឹកអនុផលព្រៃឈើទាំងកណ្តាលថ្ងៃ គ្មានកោតញញើតច្បាប់ឡើយ…៕ សម្រួលដោយ ទៀង បុណ្ណរី