ពលរដ្ឋសំណូមពរអាជ្ញាធរចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារបឹងព្រលិត ដើម្បីមានផ្លូវចូលផ្ទះស្រួល
ពលរដ្ឋមួយគ្រួសាររស់នៅបរិវេណផ្សារបឹងព្រលិត ក្នុងមូលដ្ឋានសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានសំណូមពរដល់អាជ្ញាធរសង្កាត់ ក៏ដូចជាអាជ្ញាធរខណ្ឌ ជួយចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្សារបឹងព្រលិតឲ្យមានរបៀបរាបរយដើម្បីមានផ្លូវចេញចូលផ្ទះបានស្រួល ខណៈដែលអាជីវករដាក់តាំងលក់បន្លែ ត្រីសាច់ និងរបស់របរផ្សេងទៀតនៅលើផ្លូវសារធារណៈដែលធ្វើឲ្យពួកគាត់ពិបាកចេញចូលផ្ទះស្ទើរតែ២៤ម៉ោង។ បើតាមការលើកឡើងរបស់ពួកគាត់ដោយសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការដាក់លក់បន្លែត្រីសាច់ និងរបស់របរផ្សេងទៀតនៅលើផ្លូវសាធារណៈនេះ វាស្ទើរតែ២៤ម៉ោងលើ២៤ម៉ោងទៅហើយ មិនថា ព្រឹក ថ្ងៃ ឬពេលយប់នោះទេ។ ចំពោះការដាក់លក់ពេលព្រឹកគាត់មិនថាអីទេ តែពេលល្ងាច ឬពេលយប់សូមឲ្យអាជីវករដាក់របស់របរចូលខាងក្នុងបន្តិច កុំដាក់នៅកណ្ដាលទ្រូងផ្លូវពេក ទុកផ្លូវឲ្យគាត់បានចេញចូលផ្ទះស្រួលផង។ ពួកគាត់បន្ថែមថា កន្លងមកកម្លាំងអាជ្ញាធរសង្កាត់ក៏ធ្លាប់ចុះមករៀបចំសណ្ដាប់ធ្នាប់នៅតំបន់នេះដែរ តែក្រោយពីអាជ្ញាធរដកកម្លាំងទៅវិញអស់ ក្រុមអាជ្ញាវករដាក់របស់របរតាំងលក់លើផ្លូវសាធារណៈវិញដដែល។ម្ចាស់ផ្ទះរូបនេះបានបន្ថែមថា បើតាមការលើកឡើងរបស់ក្រុមអាជីវករទាំងនោះថា ពួកគាត់បានបង់ប្រាក់ជូនអាជ្ញាធរសង្កាត់ដើម្បីបានដាក់លក់បែបនេះ ដោយក្នុងអាជីវករម្នាក់ត្រូវបង់១២០០០រៀល (មួយម៉ឺនពីរពាន់រៀល) ក្នុងមួយថ្ងៃ និងបង់ជារៀងរាល់ថ្ងៃ។ ពាក់ព័ន្ធបញ្ហានេះ អ្នកមីង តៅ ម៉ានថា ចៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា បានឲ្យដឹងនៅរសៀលថ្ងៃទី៨ មីនា នេះថា ចំពោះការលើកឡើងថាអាជ្ញាធរយកលុយនោះ អ្នកមីងមិនបានដឹងនោះទេ ហើយអ្នកមីងនឹងឲ្យកម្លាំងចុះពិនិត្យមើលថា ហេតុអ្វីបានជាដាក់លក់មិនឲ្យគេចូលផ្ទះកើតបែបនេះ៕ សម្រួលដោយ ទៀង បុណ្ណរី