ឩកញ៉ា អ៊ឹម ប្រុស ហៅ​គ្រូ​សីល​ ត្រូវ​បាន​ចាប់​ខ្លួន​តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ពីបទ «ឆបោក»​ រកឃើញកាំភ្លើង៥ដើម និងគ្រាប់កាំភ្លើងជាង ២០០គ្រាប់

កំពង់ចាម​:​ ដោយ​អនុវត្ត​តាមសាលដីការបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ​ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ លោកឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល​ ពីបទ «ឆបោក» ដែលបានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។   មន្រ្តីនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា​ នៅវេលាម៉ោង ១១៖៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង ជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៉ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនទណ្ឌិតឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីកំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។  មន្រ្តីនគរបាលបានបញ្ជាក់ថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត, កម្លាំងជំនាញ កំណត់បាន និងរកឃើញអាវុធខ្លី៥ដើម រួមមាន៖ ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម) រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន០២គ្រឿ, ខ្នោះដៃចំនួន០៥គូ និងស្រោមខ្នោះចំនួន០៤ផងដែរ។   បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំយកទណ្ឌិត រួមនិងវត្ថុតាង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបំពេញទម្រង់នីតិវិធី​ ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង