នរណាមិនភ័យ..! កាប់ដីធ្វើចម្ការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៥គ្រាប់ សល់ពីសម័យសង្គ្រាម
ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានភ័យស្ទើរលោះព្រលឹង ខណៈដែលកំពុងកាប់ដីចម្ការដាំដំណាំ ក៏ពើបប្រទះនឹងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន៥គ្រាប់ដែលសល់តាំងពីសម័យសង្គ្រាម បណ្តាលឱ្យរូបគាត់រត់យ៉ាងប្រញាប់ទៅប្រាប់អាជ្ញាធរឱ្យចុះមកកម្ទេចចោល…។ បើតាមការឱ្យដឹងពីមន្ត្រីសមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឆ្នាល់មាន់ សហការជាមួយមេភូមិ ចុះទៅពិនិត្យ និងប្រមូលយកបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន០៥គ្រាប់ ដែលរួមមាន៖ ប្រភេទគ្រាប់ ៦0 មីលីម៉ែត្រ០១គ្រាប់ និងប្រភេទគ្រាប់ M40 (សេវិនធីណៃ) ចំនួន០៤គ្រាប់។ បន្ទាប់ពីសាកសួរព័ត៌មានរួច កម្លាំងសមត្ថកិច្ចបានប្រមូលគ្រាប់យុទ្ធភ័ណ្ឌខាងលើនោះទៅប្រគល់ជូនមន្ត្រីអង្គភាពកម្ចាត់មីនអ៊ឹមអេជី MAG យកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីនឹងយកទៅបំផ្លាញចោលជៀសវាងផ្ទុះបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋផ្សេងទៀត។ បន្ថែមលើនេះ អាជ្ញាធរសមត្ថកិច្ច បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បើសិនជាបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មិនថាប្រភេទណាក៏ដោយ សូមកុំប៉ះពាល់ដាច់ខាត និងត្រូវនៅឱ្យឆ្ងាយដើម្បីជៀសវាងគ្រាប់យុទ្ធភ័ណ្ឌទាំងនោះផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិត ហើយត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមន្ត្រីអង្គភាពកម្ចាត់មីន ប្រមូលយកទៅកម្ទេចចោល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ មានពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ រួមទាំងរំសេវពេលកាយរណ្តៅដីបុកគ្រឹះសាងសង់ផ្ទះត្រង់ចំណុចក្រុមទី៧ ស្ថិតនៅភូមិវត្តរំដួល សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ជាប្រភេទក្បាលគ្រាប់ DCA37 (បាញ់យន្តហោះ) ដែលសរុបមានចំនួន៣០គ្រាប់ និងរំសេវទម្ងន់ប្រហែល៣គីឡូក្រាមផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី