លទ្ធផលតេស្ត ៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព១០០ភាគរយចំពោះក្មេងអាយុពី១២ទៅ១៥ឆ្នាំ
TNM(អាល្លឺម៉ង់) ៖ ក្រុមហ៊ុន BioNTech-Pfizer បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងរបស់ពួកគេបានបង្ហាញប្រសិទ្ធភាព ១០០ភាគរយប្រឆាំងនឹងវីរុសកូវីដ១៩ ចំពោះក្មេងអាយុពី១២ ទៅ១៥ ឆ្នាំ ខណៈដែលពួកគេកំពុងពិនិត្យមើលការយល់ព្រមឲ្យប្រើប្រាស់សម្រាប់មនុស្សវ័យជំទង់មុនឆ្នាំក្រោយ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន CNA។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសាកល្បងដំណាក់កាលទី ៣ បានធ្វើឡើងលើមនុស្សវ័យជំទង់ចំនួន ២,២៦០នាក់នៅក្នុងសហរដ្ឋអាមេរិកដែលបង្ហាញពីប្រសិទ្ធភាព ១០០ ភាគរយនិងការឆ្លើយតបអង់ទីគ័រដ៏រឹងមាំ។
លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បាននិយាយថា “យើងគ្រោងបញ្ជូនទិន្នន័យទាំងនេះទៅឱ្យ (និយតករអាមេរិក) FDA ជាការស្នើសុំធ្វើវិសោធនកម្មលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ និងទៅនិយ័តករដទៃទៀតនៅជុំវិញពិភពលោកដោយមានក្តីសង្ឃឹមក្នុងការចាក់វ៉ាក់សាំងលើក្រុមអាយុនេះមុនពេលសាលរៀនបើកឡើងវិញ។
នាយកប្រតិបត្តិនៃក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បាននិយាយថាលទ្ធផលដែលបង្ហាញពីការការពារខ្ពស់សម្រាប់មនុស្សវ័យជំទង់គឺ”មានការលើកទឹកចិត្តខ្លាំងបំផុត ដោយសារតែនិន្នាការដែលយើងបានឃើញនៅក្នុងសប្តាហ៍ថ្មីៗនេះទាក់ទងនឹងការរីករាលដាលនៃវីរុស B117 របស់ចក្រភពអង់គ្លេស”។
សូមជម្រាបថា ការចាក់វ៉ាក់សាំង BioNTech-Pfizer គឺផ្អែកលើបច្ចេកវិទ្យា mRNA និងជាវ៉ាក់សាំង COVID-19 ដំបូងបង្អស់ដែលត្រូវបានអនុម័តនៅប្រទេសភាគខាងលិចកាលពីចុងឆ្នាំមុន៕