មនី្ទរពេទ្យព្រះអង្គឌួង ខិតខំបន្តកែលម្អស្ថានភាពសុខភាពទូទៅរបស់ប្រជាជនកាន់តែប្រសើរ
ភ្នំពេញ៖ មនី្ទរពេទ្យព្រះអង្គឌួង បានខិតខំបន្តកែលម្អស្ថានភាពសុខភាពទូទៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង តាមរយៈការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺឆ្លងផ្សេងៗ។ លោក នង ម៉ានិត នាយករងមនី្ទរពេទ្យ តំណាងឯកឧត្តម សាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង ប្រាប់ព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះថា មនី្ទរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ ដែលបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស មិនថាប្រជាពលរដ្ឋមានប័ណ្ណក្រីក្រ សមធម៌ ប.ស.ស ឬប្រជាពលរដ្ឋទូទៅ ឲ្យតែមកកាន់មនី្ទរពេទ្យ គឺក្រុមការងារគ្រូពេទ្យ ផ្តល់សេវាជូនគាត់ទាំងអស់ មិនថាមកពីតំបន់ណា ឬមានឋានៈអ្វីនោះទេ គឺផ្តល់សេវាដោយស្មើភាព។ សព្វថ្ងៃ ក្រុមគ្រូពេទ្យ ក៏ដូចជាបុគ្គលិក នៃមនី្ទរពេទ្យព្រះអង្គឌួងទាំងអស់ ខិតខំផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបានយ៉ាងល្អ ប្រកបដោយក្រមសីលធម៌ និងវិជ្ជជីវៈខ្ពស់ ផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ទទួលបានការព្យាបាលមួយដ៏ល្អប្រសើរ ជាពិសេសថ្នាក់ដឹកនាំមនី្ទរពេទ្យ ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានខិតខំពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរថែមទៀត។ បើតាមឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ការពង្រឹងវិស័យសុខាភិបាល នៅឆ្នាំ២០២៣ និងឆ្នាំបន្ត ត្រូវផ្តោតលើអាទិភាពចម្បង៖ ទី១.កែលម្អស្ថានភាពសុខភាពប្រជាជនទូទៅឱ្យកាន់តែប្រសើរឡើង តាមរយៈការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយសារជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម មហារីក ជំងឺផ្លូវដង្ហើម រ៉ាំរ៉ៃ) និងជំងឺសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន កែលម្អសុខភាពបន្តពូជ កាត់បន្ថយ មរណភាពមាតា ទារក កុមារ និងកែលម្អកង្វះអាហារូបត្ថម្ភលើកុមារ និងកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺឆ្លងចម្បងៗ និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ ទី២. ពង្រឹងភាពធន់ នៃប្រព័ន្ធសុខាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ប្រព័ន្ធផ្តល់សេវាសុខភាពប្រកបដោយនវានុវត្ត ជាពិសេសសេវាថែទាំសុខភាពបឋម និងគុណភាព និងសុវត្ថិភាព នៃសេវា ការពង្រឹងប្រព័ន្ធហិរញ្ញប្បទានសុខាភិបាល និងប្រព័ន្ធគាំពារសុខភាពសង្គម ប្រព័ន្ធបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ឱសថ សម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងបច្ចេកវិទ្យា និងទី៣.ពង្រឹងយន្តការអភិបាលកិច្ច និងនិយ័តកម្ម ប្រព័ន្ធតាមដាន និងវាយតម្លៃស្នាដៃប្រព័ន្ធសុខាភិបាល និងការសិក្សាស្រាវជ្រាវសុខាភិបាល។ ក្នុងន័យនេះ អង្គភាពសុខាភិបាលថ្នាក់ជាតិ រដ្ឋបាលរាជធានី-ខេត្ត និងអង្គភាពសុខាភិបាលថ្នាក់ក្រោមជាតិត្រូវរៀបចំ និងអនុវត្តផែនការសកម្មភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល និងវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា៕ សម្រួលដោយ ទៀង បុណ្ណរី