ក្រោយផ្ទុះការរិះគន់ពីប្រជាពលរដ្ឋរឿងឈ្មួញដឹកធ្យូងលក់ដូចហែរកឋិន មេប៉េអឹមខេត្តក្រចេះ ដាក់បទបញ្ជាក្ដៅដល់មន្ត្រីក្រោមឱវាទ
ខេត្តក្រចេះ៖ បន្ទាប់ពីមហាជនរិះគន់អាជ្ញាធរសមត្ថកិច្ចចម្រុះខេត្តក្រចេះ បើកដៃឱ្យឈ្មួញជួញធ្យូងឆ្លងដែនទៅវៀតណាម និងក្រុមឈ្មួញដឹកជញ្ជូនឈើលក់តាមដេប៉ូដូចហែរកឋិននោះ ពេលនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដាក់បទបញ្ជាក្ដៅ ដោយព្រមានដកបញ្ឈរជើងមន្ត្រីក្រោមឱវាទហើយ ប្រសិននៅបណ្តោយឱ្យមានករណីខាងលើនេះនៅបន្ត…។ សារសំឡេងរយៈពេល១៣វិនាទី របស់លោក សាន្ត ប៊ុនឋាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ផ្ញើជូនមន្ត្រីកងរាជអាវុធហត្ថតាមគោលដៅមួយចំនួនដែលមានក្រុមឈ្មួញដឹកឈើ និងដឹកធ្យូង ដែលបានបែកធ្លាយក្នុងគ្រុបតេឡេក្រាមរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា « លោក លុន ប៊ុនថុល, លោក សួន បូណា លោកយុទ្ធ ម៉ោងហ្នឹងទៅ បើមានឡានធ្យូងចេញ អញដកចោលតែម្ដង ប្រាប់ឱ្យហើយ!» ការចេញសារសំឡេងក្ដៅបែបនេះ ក៏ព្រោះតែមន្ត្រីគ្រាប់ល្ពៅទាំងនោះ មិនគោរពតាមបទបញ្ជាថ្នាក់លើ ពិសេសបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបណ្តោយឱ្យក្រុមឈ្មួញនៅខេត្តក្រចេះ ធ្វើព្យុះភ្លៀងប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងរលូននៅតាមមូលដ្ឋានរបស់ពួកគេគ្រប់គ្រង ដើម្បីទទួលបានលាភសក្ការក្រោមតុ…។ សូមបញ្ជាក់ថា សម្រាប់ខេត្តក្រចេះ មួយរយៈចុងក្រោយនេះ ក្រុមឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនទៅប្រទេសវៀតណាម និងក្រុមឈ្មួញជួញឈើ ហាក់ផ្ទុះកក្រើកឡើងវិញ ចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ ដោយពួកគេសម្រុកដឹកឈើ និងធ្យូងចេញលក់ដូចហែរកឋិន ខណៈការបង្ក្រាប បានត្រឹមវាយស្មៅបង្អើលពស់ប៉ុណ្ណោះ។ តាមពិតទៅ គោលដៅទាំងនោះ មិនមែនមានតែខាងមន្ត្រីកងរាជអាវុធហត្ថទេដែលទទួលបានភាគលាភពីក្រុមឈ្មួញទុច្ចរិត ក្រុមសមត្ថកិច្ចជំនាញ ដូចជាមន្ត្រីបរិស្ថាន មេព្រៃ និងសមត្ថកិច្ចចម្រុះផ្សេងទៀតសុទ្ធតែទទួលបានភាគលាភដូចគ្នា ទើបបានជាក្រុមឈ្មួញដឹកកាត់តំបន់មួយឆ្លងទៅតំបន់មួយទៀតបានយ៉ាងរលូននោះ តែបើឈ្មួញឆ្លងដែនមកពីខេត្តផ្សេង ច្បាស់ជាឆ្លងមិនផុតពីកុងត្រូលស្ទាក់ចាប់តាមដងផ្លូវទាំងនោះឡើយ។ យ៉ាងណា ប្រជាពលរដ្ឋនៅខេត្តក្រចេះ បានសម្តែងការសាទរនូវចំណាត់ការរបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តនាពេលនេះ ទោះបីរៀងយឺតបន្តិច ប៉ុន្តែក៏អាចទប់ស្កាត់បាននូវក្រុមឈ្មួញទុច្ចរិតបានមួយកម្រិតដែរ។ ក្រុមឈ្មួញទាំងនោះ បើគ្មានភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ចចម្រុះទាំងនោះទេ ពួកគេមិនអាចដឹកអនុផលព្រៃឈើចេញលក់ឆ្លងដែនកាត់ពីស្រុកមួយទៅស្រុកមួយ រហូតដឹកឆ្លងដែនទៅវៀតណាមនោះឡើយ សមដូចសុភាសិតខ្មែរពោលថា« បើខ្មោចស្រុកមិនឱ្យដៃ ខ្មោចព្រៃក៏មិនហ៊ានចូលស្រុកដែរ» ដូច្នេះ ការដាក់បទបញ្ជាក្ដៅនេះ សង្ឃឹមថា មន្ត្រីគ្រាប់ល្ពៅទាំងនោះនឹងភ្ញាក់រឭកឡើងវិញ ហើយអង្គភាពដទៃទៀតក៏គួរតែអនុវត្តដូចលោកមេបញ្ជាការកងរាជអាវុធហត្ថដែរទើបប្រសើរ…៕ សម្រួលដោយ ទៀង បុណ្ណរី