ហ៊ានណាស់..! បុរសម្នាក់អាងអំណាចមន្ត្រីបរិស្ថាន ចុះកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋរាប់រយហិកតាក្នុងតំបន់«ព្រៃឡង់» ធ្វើជាកម្មសិទ្ធិ
ខេត្តក្រចេះ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុចអូរក្រោះ នៃស្រុកសម្បូរ ខេត្តក្រចេះ បានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ឈ្មោះ តាហ៊ាង ដែលបានឃុបឃិតជាមួយមន្ត្រីបរិស្ថានឈ្មោះ សាំង សុខន និងជានាយកដែនជម្រកសត្វព្រៃ «ព្រៃឡង់» កំពុងកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋអស់រាប់រយហិកតាយ៉ាងអាណាធិបតេយ្យ…។ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ អង្គភាពសារព័ត៌មាន TNM បានចាត់ឱ្យភ្នាក់ងារប្រចាំខេត្តក្រចេះ ចុះទៅអង្កេតផ្ទាល់ នឹងបានឃើញថា ដីព្រៃក្នុងតំបន់ព្រៃឡង់នៅចំណុចអូរក្រោះ ពិតជាត្រូវបានកាប់ទន្ទ្រានកាន់កាប់ជាច្រើនរយហិកតាដោយឈ្មោះតាហ៊ាងយ៉ាងប្រាកដមែន។ ជនកាប់ទន្ទ្រាននោះ បានជួលប្រជាពលរដ្ឋប្រើប្រាស់គ្រឿងចក្រចូលឈូសឆាយកាប់គាស់រំលំព្រៃយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដើម្បីលក់ចែកចាយឱ្យប្រជាពលរដ្ឋ និងឈ្មួញ ខណៈមន្ត្រីបរិស្ថាន និងជានាយកដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឈ្មោះ សាំង សុខន ជាអ្នកបើកភ្លើងខៀវឱ្យបុរសឈ្មោះ តាហ៊ាងនោះ ចូលកាប់ឆ្ការព្រៃជាថ្នូរនឹងការទទួលបានសំណូកដាក់ចូលហោប៉ៅរបស់ខ្លួនផងដែរ។ ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា លោក សាំង សុខន បានអនុវត្តផ្ទុយពីការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានឱ្យលោកចុះមកឈរជើងការពារសត្វព្រៃ និងព្រៃឈើ ប៉ុន្តែលោកបែរជាលួចគុបគិតជាមួយឈ្មួញ អនុញ្ញាតឱ្យចូលកាប់ព្រៃនៅតំបន់អភិរក្សធនធានធម្មជាតិ ដែលជាព្រៃការពារដោយច្បាប់។ បន្ថែមលើនេះ ប្រសិនបើជាមួយប្រជាពលរដ្ឋស្លូតត្រង់វិញ បុគ្គលនេះបានអនុវត្តច្បាប់យ៉ាងម៉ឺងមាត់ ដោយទាមទារឱ្យបង់លុយផាកពិន័យ ប្រសិនបើប្រជាពលរដ្ឋណាហ៊ាន យកកាំបិត រណាយន្ត ឬថ្នាំបាញ់ស្មៅចូលទៅក្នុងតំបន់ដែនជម្រកសត្វ ដឹងតែចាប់ផាកពិន័យគ្មានការលើកលែងទេ ទោះបីប្រជាពលរដ្ឋមួយចំនួនយករបស់ទាំងនោះ ទៅកាប់ព្រៃតូចៗ បោចវល្លិ៍ ឬយកទៅបាញ់ស្មៅដែលដុះរុំស្រូវ ក៏មន្ត្រីរូបនេះមិនយោគយល់ដែរ។ តែបើសម្រាប់ក្រុមឈ្មួញចូលកាប់ព្រៃ និងក្រុមអ្នកចូលឈូសឆាយដីព្រៃរបស់រដ្ឋវិញ គឺមន្ត្រីគ្រាប់ល្ពៅរូបនេះ មិនហាមឃាត់ឡើយ។ ដោយឡែក មន្ត្រីសមត្ថកិច្ចប្រចាំការនៅតំបន់ខាងលើ បានខ្សឹបប្រាប់ភ្នាក់ងារ ព័ត៍មានTNM យើងថា តាហ៊ាង នេះជាមនុស្សមានលុយច្រើន បានគុបគិតជាមួយឈ្មោះ សាំង សុខន ជាអ្នកបើកភ្លើងខៀវឱ្យ ហើយតាហ៊ាង បានជួលកម្មករជាច្រើននាក់ ឱ្យចូលកាប់ទន្ទ្រានដីព្រៃឡង់ ជាច្រើនរយហិកតា ដើម្បីទុកលក់ឱ្យឈ្មួញពីតាមបណ្តាខេត្តឆ្ងាយៗដែលមានបំណងមកទិញដីធ្វើចម្ការស្រែ ដោយក្នុងមួយហិកតា ពួកគេអាចលក់បានតម្លៃចន្លោះពី៣០០០ទៅ៥០០០ដុល្លារឯណោះ។ ពេលមានអាជ្ញាធរស្រុកចុះមកពិនិត្យម្ដងៗ ក្រុមតាហ៊ាងដែលមានឈ្មោះសាំង សុខន ជាអ្នកគុបគិតគ្នានេះ បានយកលុយមួយចំនួនសូកប៉ាន់មន្ត្រីសមត្ថកិច្ចស្រុកទាំងនោះ ឱ្យត្រឡប់ទៅវិញយ៉ាងស្ងៀមស្ងាត់។ អង្គភាពសារព័ត៌មាន TNM បានព្យាយាមទាក់ទងស្នើសុំការបំភ្លឺពីលោក សាំង សុខន មន្ត្រីបរិស្ថាន និងជានាយកដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងបុគ្គលឈ្មោះតាហ៊ាងនោះដែរ លើការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើ ប៉ុន្តែទូរសព្ទពួកលោកទាំងពីរមិនអាចទាក់ទងបានទេ ព្រោះខលចូលគ្មានអ្នកទទួល និងក្រោយមកមានសារប្រាប់ថាជាប់រវល់រហូតតែម្ដង។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានឱ្យដឹងបន្ថែមថា ដីព្រៃនៅទីតាំងផ្សេងៗមួយចំនួនទៀត ដូចជា ចំណុចអូរគក់, ចំណុចពន្លឺពេជ្រ ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងចំណុចគោលប្រាំបីជ្រុង ស្ថិតក្នុងដែន ជម្រកសត្វព្រៃសម្បូរ ក៏កំពុងរងការកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋ យ៉ាងអនាធិបតេយ្យផងដែរ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋ ក៏បានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតនៅតាមទីតាំងដីព្រៃរបស់ខាងលើនេះ ដែលកំពុងតែរងការកាប់ទន្ទ្រានលក់ជាហូរហែពីសំណាក់ក្រុមឈ្មួញ និងមន្ត្រីខិលខូចគុបគិត…៕ សម្រួលដោយ ទៀង បុណ្ណរី