ទីប្រឹក្សានយោបាយចិនជំរុញឱ្យមានការបង្កកស៊ុតសម្រាប់ស្ត្រីនៅលីវ ក្រោយអត្រាកំណើតធ្លាក់ចុះយ៉ាងកំហុក

សមាជិកម្នាក់នៃស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេសចិន បាននិយាយថា លោកស្រីនឹងស្នើអនុញ្ញាតឱ្យស្ត្រីមិនទាន់រៀបការអាចបង្កកស៊ុតដើម្បីទុកបង្កកំណើតថ្ងៃក្រោយ បន្ទាប់ពីចំនួនប្រជាជនរបស់ប្រទេសនេះបានធ្លាក់ចុះកាលពីឆ្នាំមុនជាលើកដំបូងក្នុងរយៈពេលប្រាំមួយទសវត្សរ៍។  លោកស្រី លូ វៃយីង (Lu Weiying) សមាជិកនៃស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេសចិន បានប្រាប់កាសែតរដ្ឋ Global Times ថា លោកស្រីក៏នឹងដាក់ស្នើរួមទាំងការព្យាបាលភាពគ្មានកូននៅក្នុងប្រព័ន្ធធានារ៉ាប់រងសុខភាពសាធារណៈនៅឯសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែមីនា។  មិនត្រឹមតែប៉ុណ្ណោះ លោកស្រី លូ ដែលជាវេជ្ជបណ្ឌិតផ្នែកសម្ភពនៅខេត្ត ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិនផងដែរនោះ បាននិយាយថា ការអនុញ្ញាតឱ្យស្ត្រីនៅលីវបង្កកស៊ុតដើម្បីទុកបង្កកំណើតថ្ងៃក្រោយ ពិតជាជម្រើសដ៏ល្អក្នុងការឆ្លើយតបទៅនឹងការធ្លាក់ចុះនៃអត្រាកំណើត។ ប៉ុន្តែ លោកស្រីបានសង្កត់ធ្ងន់ថា៖«ស្ត្រីនៅតែត្រូវរៀបការ ប្រសិនបើនាងចង់ប្រើស៊ុតកក និងមានផ្ទៃពោះនាពេលអនាគត»។  បច្ចុប្បន្ននេះ ការព្យាបាលការមានកូន ដូចជាបង្កកំណើតក្នុងកែវ (IVF) និងការបង្កកស៊ុតនៅក្នុងប្រទេសចិន ត្រូវបានហាមឃាត់ចំពោះស្ត្រីមិនទាន់រៀបការ។ ការបង្កកំណើតក្នុងកែវ (IVF) គឺជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសជាច្រើន ដែលអាចជួយអ្នកដែលមានបញ្ហាក្នុងការមានកូន។ អនុសាសន៍របស់លោស្រី លូ កើតឡើងនៅពេលដែលរដ្ឋាភិបាលព្យាយាមជំរុញអត្រាកំណើតដែលធ្លាក់ចុះជាមួយនឹងការលើកទឹកចិត្តរួមទាំងការពង្រីកការឈប់សម្រាកលំហែមាតុភាព អត្ថប្រយោជន៍ហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ពន្ធសម្រាប់ការមានកូន ក៏ដូចជាការឧបត្ថម្ភធនសម្រាប់លំនៅដ្ឋាន។  កាលពីឆ្នាំមុន ប្រទេសចិនបានកត់ត្រាអត្រាកំណើតទាបបំផុតមិនធ្លាប់មានគឺ ៦,៧៧ កំណើតក្នុង ១០០០ នាក់។ ខេត្តមួយចំនួនបានផ្លាស់ប្ដូរច្បាប់របស់ខ្លួនរួចហើយ ដើម្បីជំរុញអត្រាកំណើត។ ខេត្ត Jilin នៅភាគឦសាននៃប្រទេសចិន មានអត្រាកំណើតទាបបំផុតមួយក្នុងប្រទេស ដោយបានកែប្រែច្បាប់របស់ខ្លួនក្នុងឆ្នាំ ២០០២ ដើម្បីអនុញ្ញាតឱ្យស្ត្រីនៅលីវអាចបង្កកំណើតក្នុងកែវ ប៉ុន្តែវាមានឥទ្ធិពលតិចតួចចំពោះអត្រាកំណើតរបស់ប្រទេស ដោយសារការអនុវត្តនៅតែត្រូវបានហាមឃាត់ទូទាំងប្រទេសក្រោមគណៈកម្មាធិការសុខភាពជាតិរបស់ប្រទេស។  ខណៈពេលដែលប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង ១០ ដែលមានប្រជាជនច្រើនជាងគេលើពិភពលោកកំពុងជួបប្រទះនឹងការធ្លាក់ចុះនៃការមានកូន អត្រានៃការមានកូនរបស់ប្រទេសចិននៅឆ្នាំ ២០២២ គឺ ១,១៨ គឺជាកម្រិតទាបបំផុត និងទាបជាងស្ដង់ដារ ២,១ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ប្រទេសចិនមិនទាន់បានបញ្ចេញទិន្នន័យនៃការមានកូនរបស់ខ្លួនជាផ្លូវការសម្រាប់ឆ្នាំ ២០២២ នៅឡើយទេ។ ការធ្លាក់ចុះនៃប្រជាសាស្ត្ររបស់ប្រទេសចិនភាគច្រើនគឺជាលទ្ធផលនៃគោលនយោបាយកូនតែមួយរបស់ប្រទេសចិនដែលបានដាក់នៅចន្លោះឆ្នាំ ១៩៨០ និង ២០១៥ ក៏ដូចជាការចំណាយខ្ពស់នៃការអប់រំផងដែរ៕   សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង