នាយករដ្ឋមន្ត្រីកម្ពុជា ស្រូវអង្ករ កៅស៊ូ ដំឡូងមី និងគ្រាប់ស្វាយចន្ទី សុទ្ធសឹងជាដំណាំដែលការកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ថ្លែងថា កម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ដែលនឹងបង្កើតការងារធ្វើ និងបង្កើនតម្លៃបន្ថែមសម្រាប់ផលិតកម្មរបស់កម្ពុជា។ស្រូវអង្ករ កៅស៊ូ ដំឡូងមី ​និងគ្រាប់ស្វាយចន្ទីជាដើម សុទ្ធសឹងតែជាដំណាំដែលការកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ។ សម្តេចតេជោថ្លែងដូច្នេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។  សម្រាប់ស្រូវអង្ករ កម្ពុជាពុំទាន់ត្រូវបានកែច្នៃអស់លទ្ធភាពនៅឡើយទេ ដែលធ្វើឱ្យគោលដៅការនាំចេញឱ្យបាន១លានតោនមិនបានជោគជ័យ ពោលយើងនាំចេញបានត្រឹម៦០ម៉ឺនតោនប៉ុណ្ណោះ។ នេះគឺដោយសារកង្វះការកែច្នៃ ពោលគឺបញ្ហារោងម៉ាស៊ីនកិនស្រូវ និងបញ្ហាដើមទុន។ ដូច្នេះ​ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវ មានទុនគ្រប់គ្រាន់ក្នុងការទិញពីកសិករ ទប់ស្កាត់ការធ្លាក់តម្លៃស្រូវ យើងត្រូវជួយទុនដល់រោងម៉ាស៊ីនកិនស្រូវ។   កៅស៊ូ មានការនាំចេញច្រើន ប៉ុន្តែការកែច្នៃក្នុងស្រុក មានតិចតួចប៉ុណ្ណោះ។ សម្រាប់ដំឡូងមី ក៏មានការនាំចេញទាំងមិនទាន់កែច្នៃច្រើនផងដែរ គឺយើងគ្រាន់តែកាប់ចិញ្ច្រាំ [ដំឡូងមី] ហើយនាំចេញតែម្តង មានដល់ជិត២០លានតោន។ ដូច្នេះ ដំឡូងមីក៏មានតម្រូវការឱ្យមានរោងចក្រកែច្នៃក្នុងស្រុកមុននឹងនាំចេញទៅក្រៅប្រទេសផងដែរ។  ចំពោះគ្រាប់ស្វាយចន្ទីវិញ ការកែច្នៃក៏នៅមានកម្រិតតិចតួចនៅឡើយដែរ ខណៈការនាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃច្រើនរហូតដល់ ១លានតោន ក្នុងមួយឆ្នាំ។ សម្តេចតេជោ មានបំណងឱ្យកម្ពុជាក្លាយទៅជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកខ្លាំងលើការចែកចាយគ្រាប់ស្វាយចន្ទី ហើយសម្តេចកំពុងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាឱ្យបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកផងដែរ៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង