តំបន់រមណីយដ្ឋានល្បី២ នៃខេត្តព្រះវិហារ នឹងមានសេវាទូរសព្ទប្រសើរឡើង

តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ នៃខេត្តព្រះវិហារ នឹងមានសេវាទូរសព្ទកាន់តែប្រសើរ ខណៈក្រសួងស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាពដំឡើងអង់តែនសេវាទូរសព្ទ នាចុងសប្ដាហ៍នេះ។ នេះតាមការឱ្យដឹងពី អាជ្ញាធរជាតិព្រះវិហារ។  លោក ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ និងអ្នកជំនាញអាជ្ញាធរជាតិព្រះវិហារ បានទទួលស្វាគមន៍ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក លោកស្រី អនុរដ្ឋលេខាធិការ និងមន្ទីរពាក់ព័ន្ធ ដើម្បីចុះពិនិត្យអំពី លទ្ធភាពដំឡើងអង់តែនសេវាទូរសព្ទ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងរមណីយដ្ឋានប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ។  ការចុះពិនិត្យស្ថានភាពដំឡើងអង់តែនសេវាទូរសព្ទនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្តល់សេវាទូរសព្ទសម្រាប់ប្រើប្រាស់ក្នុងរមណីយដ្ឋានទាំងពីរខាងលើ។ ក្រុមការងារបានពិនិត្យយ៉ាងលម្អិតចំពោះទីតាំងអង់តែនដែលគ្រោងនឹងដំឡើង ដើម្បីបញ្ជៀសសផលប៉ះពាល់ទៅលើ ទេសភាពវប្បធម៌របស់រមណីយដ្ឋានទាំងពីរ ពីការតម្លើងអង់តែននេះ។  តាមរយៈអង់តែននេះនឹងផ្តល់ភាពងាយស្រួលជាច្រើនដល់កិច្ចការងារអភិរក្សក្នុងរមណីយដ្ឋាន និងភ្ញៀវទេសចរក៏ដូចជាផ្តល់សេវាទូរសព្ទប្រើប្រាស់ដល់ប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទាំងពីរ។ គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំណែកប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ៕    សម្រួលដោយ   ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង