ខេត្តប៉ៃលិន កំពុងទទួលការវិនិយោគ លើការសម្ងួតផ្លែស្វាយ និងមៀន
ភ្នំពេញ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា អ្នកវិនិយោគចិនបានបោះទុន ធ្វើការវិនិយោគរោងចក្រសម្ងួតផ្លែស្វាយ និងផ្លែមៀន នៅក្នុងខេត្តប៉ៃលិន ដែលអាចនាំចេញទៅទីផ្សារខាងក្រៅ ។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ មានប្រសាសន៍ថា ក្រៅពីដំណាំស្រូវ ខេត្តប៉ៃលិន សម្រាប់វិស័យកសិកម្ម គឺមានដំណាំដំឡូងមី ពោតក្រហម និងស្វាយកែវរមៀត ហើយដំណាំដែលល្បី គឺមៀនប៉ៃលិន ហើយតម្លៃកសិផលទាំងអស់នេះ មានការកើតឡើងគួរឲ្យកត់សម្គាល់ ។ លោកជំទាវ បានបន្តថា នៅខេត្តប៉ៃលិន មានវិនិយោគចិន បានបោះទុនវិនិយោគ ដើម្បីសម្ងួតផ្លែមៀន និងផ្លែស្វាយ ហើយកែច្នៃផ្លែស្វាយ និងមៀន ធ្វើជាដំណាប់ ធ្វើស្រាជាដើម ដែលបច្ចុប្បន្នខេត្តក៏មានខ្វះខាតនូវកសិផលទាំងអស់នេះ ដើម្បីធ្វើការកែច្នៃផងដែរ និងកំពុងប្រមូលទិញពីខេត្តខាងក្រៅ ដោយរោងចក្រកែច្នៃកសិផលទាំងអស់នេះ បានបង្កើតជាការងារដល់ពលរដ្ឋជាច្រើននាក់ផងដែរ ។ លោកជំទាវអភិបាលខេត្ត បន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ ការនាំចេញកសិកផលកសិកម្ម ពីខេត្តប៉ៃលិន ទៅទីផ្សារក្រៅប្រទេសបានជាង ២លានតោន ក្នុងនោះស្វាយកែវរមៀត បានប្រមាណជាង ៥២ម៉ឺនតោន ដែលតម្លៃបច្ចុប្បន្ន ១គីឡូក្រាម បានតម្លៃ៥បាត និងផ្លែស្វាយរមៀតខ្ចប់តម្លៃ១២បាត ។ ចំណែកផ្លែមៀនប៉ៃលិន បាននាំចេញត្រឹមរយៈពេល ឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ បានចំនួន ៦ ៩០៧តោន ។ លោកជំទាវ បាន ស្រីមុំ បានបញ្ជាក់ថា ខេត្តប៉ៃលិន មានផ្ទៃដីដំណាំស្រូវជិត ៩ពាន់ហិកតា, ដំណាំសាវប្បកម្មចំនួនជាង ១២ ០០០ហិកតា និងផ្ទៃដីដំណាំឧស្សាហកម្មចំនួនជាង ៥ពាន់ហិកតា ហើយរដ្ឋបាលខេត្តកំពុងជំរុញនូវយន្តការអភិវឌ្ឍ ដូចជាអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសក្នុងការប្រើប្រាស់ជី ថ្នាំកសិកម្ម និងជំរុញការប្រើប្រាស់ពូជប្រកបដោយគុណភាព ដល់ប្រជាកសិករ ក្នុងគោលបំណងបង្កើនទិន្នផល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ ៕ សម្រួលដោយ ទៀង បុណ្ណរី