ជម្លោះដណ្តើមដីផ្នូរខ្មោចជាង២០ផ្នូរនៅក្រុងក្រចេះ បង្កឡើងដោយពួកប៉ុ.ល.ព.ត.ស.ម្លា.ប់សាច់សារលោហិត
ខេត្តក្រចេះ ៖ ទីតាំងដីផ្នូរបុរាណដែលមានចំនួនប្រហែល២០ផ្នូរ មានអាយុកាលជាង១០០ឆ្នាំ នៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ត្រូវបានបុគ្គលមួយរូបអះអាងថា ជាដីកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់ និងបានជូនដំណឹងទុករយៈពេលមួយឆ្នាំ ដើម្បីឱ្យម្ចាស់មកគាស់យកសពចេញពីទីតាំងដីនោះ…។ បានប្រាប់ ធី អិន អឹម នៅព្រឹកថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២៣នេះ លោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធដូចជា អាជ្ញាធរសង្កាត់ក្រគរ និងអាជ្ញាធរក្រុងក្រចេះ បានចុះស្រាវជ្រាវ និងពិនិត្យមើលទីតាំងដីកប់សពនោះផ្ទាល់។ បន្ទាប់ពីធ្វើការពិនិត្យល្អិតល្អន់ ក្រុមការងាររបស់លោករកឃើញថា ផ្នូរកប់សពនោះ ជារបស់បងប្អូនក្រុមគ្រួសារមួយដែលមានឈ្មោះ ង៉ែត ប៊ុនសុផានី តាំងពីអតីតកាលមុនសង្គ្រាមលុនណុលទៅទៀត ពោលគឺទីកប់សពនេះមានអាយុកាលចន្លោះពី៧០ឆ្នាំទៅ១០០ឆ្នាំឯណោះ ហើយមានផ្នូរសពប្រមាណជា២០ផ្នូរ។ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ក្រោយស៊ើបអង្គេតអាជ្ញាធររកឃើញថា ម្ចាស់ដីខាងលើបន្ទាប់ពីរួចជីវិតពីជំនាន់ប៉ុលពត ក៏បានមកសុំចុះបញ្ជីក្បាលដីនេះចំនួន២ដង គឺទី១នៅឆ្នាំ២០០៨ ដោយពេលនោះអាជ្ញាធរ ធ្វើជូនគាត់តែមួយកំណាត់ទេ ដោយវាស់ឱ្យពីផ្លូវជាតិដល់ត្រឹមផ្លូវរទេះ។ ចំណែកពីផ្លូវរទេះដល់កន្ទុយដីដែលមានផ្នូរ គឺអាជ្ញាធរមិនវាស់ឱ្យឡើយ។ លោកបន្តថា នៅឆ្នាំ២០១៧ ដោយមានការចុះបញ្ជីក្បាលដីជាលក្ខណៈប្រព័ន្ធ ម្ចាស់ដីបានបង្ហាញដល់អាជ្ញាធរជំនាញដោយរាប់បញ្ចូលទាំងដីដែលមានសពកប់នោះថែមទៀត ហើយមន្ត្រីជំនាញក៏បានវាស់វែងជូនគាត់ និងបានធ្វើសេចក្តីប្រកាសមួយខែឱ្យមានការតវ៉ា និងបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱទៅម្ចាស់ដីដែលមាន បណ្ណកាន់កាប់ក្បាលដី(ប្លង់រឹង) លេខ10020801-003 ចុះថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានម្ចាស់កម្មសិទ្ធិឈ្មោះ ង៉ែត ប៊ុនសុផានីតែម្ដង ហើយគាត់ក៏បានធ្វើបដាឱ្យមានការលើកសពចេញពីដីគាត់ ដោយទុករយៈពេល១ឆ្នាំ។ បន្ទាប់ពីធ្វើការសម្របសម្រួលជាមួយភាគីមួយចំនួនទៀតដែលមិនសុខចិត្ត និងដោយមានការស្រាវជ្រាវពីមន្ត្រីជំនាញផងនោះ គឺអាជ្ញាធរកំពុងធ្វើការសម្របសម្រួលទាំងភាគីម្ចាស់ដី និងភាគីម្ចាស់ផ្នូរសព។ តាមពិតទៅផ្នូរទាំង២០នោះ គឺជាសាច់សារលោហិតពួកគាត់ទាំងអស់ តែក្រោយចេញពីរបបប៉ុលពត បងប្អូនទាំងនោះ បានក្លាចជាសាច់ឆ្ងាយនឹងគ្នា ព្រោះរស់នៅតាមបណ្តាខេត្តរៀងខ្លួន ហើយពួកគាត់គ្រាន់តែមកធ្វើបុណ្យឱ្យបុព្វការីជនរបស់ខ្លួនម្ដងម្កាលតែប៉ុណ្ណោះ ដូច្នេះ បានជាពួកគាត់មានទំនាស់បែបនេះ។ យ៉ាងណា ក្នុងនាមជាអាជ្ញាធរ លោក និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងដោះស្រាយបញ្ហានេះជូនភាគីទាំងពីរមិនឱ្យមានទំនាស់តទៅទៀតឡើយ ព្រោះលេចឮថា ភាគីម្ចាស់ដីបានសម្រួលឱ្យភាគីម្ចាស់ផ្នូរជួយសម្រួលដល់ការផ្ដល់លុយខ្លះៗមកឱគាត់ នោះគាត់ក៏នឹងអនុញ្ញាតឱ្យទុកសពនោះនៅកន្លែងដដែលផងដែរ។ ទោះយ៉ាងណា មហាជនបានសម្តែងការហួសចិត្ត និងករណីខាងលើនេះ និងបានចាត់ទុកសម័យវាលពិឃាតពិតជាព្រៃផ្សៃណាស់ ដែលមិនត្រឹមតែសម្លាប់មនុស្សនោះទេ សម័យដ៏យង់ឃ្នងនេះ ក៏បានបន្សល់រឿងរ៉ាវឈឺចាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយនេះទៀត។ ពិតណាស់បើគ្មានសម័យវាលពិឃាតទេ ពួកគាត់ក៏មិនព្រាត់ប្រាស់គ្នា ហើយមកឈ្លោះដណ្តើមដីសពបងប្អូនខ្លួនឯងរបៀបនេះដែរ ដូច្នេះ ការរក្សាបាននូវសុខសន្តិភាព គឺពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ និងសម្រាប់មនុស្សរស់នៅលើផែនដី..៕ ស្រួលដោយ ទៀង បុណ្ណរី