កំពង់ឆ្នាំង និងពោធិ៍សាត់ មានទីលានទុកដាក់សំរាម ដើម្បីគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំង៖ ក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ បានទទួលទីលានទុកដាក់សំរាមដ៏ធំ និងមាន​ស្តង់ដារ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប និងមានសមត្ថភាពផ្ទុកសំរាមបានប្រមាណពី១២ ទៅ១៤ម៉ឺនម៉ែត្រគីប។ទីលានទុកដាក់សំរាមដ៏ធំចំនួន២កន្លែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។   ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ មាន១នៅស្រុករលាប្អៀរ ដែលបម្រើឱ្យការប្រមូលទុកដាក់​សំរាម​សម្រាប់ក្រុងកំពង់ឆ្នាំង និងបណ្ដាស្រុកដែលនៅក្បែរ និង១កន្លែងទៀតនៅក្រុងពោធិ៍សាត់។ ទីលានទុកដាក់សំរាមទាំង២កន្លែងនេះ ​គឺជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ជំហាន១ ដែល​ជាកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី។  សម្រាប់ទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ​១១,៦៥ ហិកតា គ្រោងឱ្យ​ប្រើប្រាស់​ក្នុងរយៈពេល១០ឆ្នាំ ​គឺពីឆ្នាំ២០២២ រហូតដល់២០៣២ សម្រាប់ប្រជាជនក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែល​នៅក្បែរទីលានទុកដាក់សំរាម។  តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្ននៅកំពង់ឆ្នាំង មានចំនួន ១០តោនក្នុងមួយថ្ងៃ នឹងអាចកើនឡើងដល់៣៤តោន ក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។ ទីលាននេះ បានសាងសង់ រណ្ដៅទុកដាក់សំរាមចំនួនពីរ ដោយរណ្ដៅនីមួយៗមានទំហំ៨០ម៉ែត្រ គុណ៨០ម៉ែត្រប៉ុនគ្នា និងមានជំរៅ១ម៉ែត្រ។  សម្រាប់ទីលានទុកដាក់សំរាមក្រុងពោធិ៍សាត់ មានផ្ទៃដីសរុបទំហំ ១៥.៥០ហិកតា និងអាចផ្ទុក​សំរាម​បានប្រមាណ ១៤ម៉ឺនម៉ែត្រគីប ស្ថិតនៅភូមិទួលម្នាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ទីលាននេះគ្រោងឱ្យប្រើប្រាស់រយៈពេល១៥ឆ្នាំ ​ គឺពីឆ្នាំ២០២២ រហូតដល់២០៣៧ សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការសន្មត់អត្រាប្រមូលសំរាមបច្ចុប្បន្នមានចំនួន ៧តោនក្នុងមួយថ្ងៃ នឹងអាចកើត​ឡើងដល់២៤តោនក្នុងមួយថ្ងៃនៅឆ្នាំ២០៣៣ខាងមុខ។  សូមបញ្ជាក់ថា ការឱ្យមានទីលានទុកដាក់សំរាម២កន្លែងខាងលើនេះ គឺគោលបំណងគ្រប់​គ្រង​ការអភិវឌ្ឍ​បណ្តាក្រុងជុំវិញបឹងទន្លេសាប ប្រកបដោយតុល្យភាព បរិស្ថាន គ្របដណ្តប់ក្រុងកំពង់ឆ្នាំង​ និងក្រុងពោធិ៍សាត់ ព្រោះក្រុងទាំង២ ស្ថិតតាមបណ្ដោយផ្លូវរបៀង​សេដ្ឋកិច្ច​អាស៊ាន ក្រុងបាងកក ភ្នំពេញ ហូជីមិញ ដែលជាសក្តានុពលទាក់ទាញការវិនិយោគ កំណើន​សេដ្ឋកិច្ច បង្កើនមុខរបរ ​និងកាត់បន្ថយភាពក្រីក្រ ​ការបញ្ចេញចោលនូវទឹកកខ្វក់ កាក​សំណល់រឹង ភក់សំរាមតាមលំហូរទឹកភ្លៀងនាំចូលមក​ទីទំនាប​នៃបឹងទន្លេសាប ដែលជា​គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន១ ៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង