កោះរ៉ុងសន្លឹមមានសក្តានុពលធម្មជាតិ​ចម្រុះ និងភូមិសហគន៍​ទាក់ទាញទេសចរបរទេស

កោះរ៉ុងសន្លឹម ជាតំបន់ទេសចរណ៍បែបធម្មជាតិមានជីវៈចម្រុះជាច្រើន និងភូមិសហគមន៍ កំពុងទាក់ទាញភ្ញៀវទេសចរ​ទាំងជាតិ និងអន្តរជាតិ។  លោក ឡាយ ថៃ មេភូមិកោះរ៉ុងសន្លឹម បានប្រាប់កម្ពុជាថ្មីថា នៅលើកោះរ៉ុងសន្លឹម មានតំបន់ទេសចរណ៍ទាក់​ទាញ​ជាច្រើន ដូចជា តំបន់ឆ្នេរខ្សាច់ស្រស់ស្អាត ធនធានបាតសមុទ្រ(ត្រី ផ្កាថ្ម) កោះ ភ្នំ ព្រៃឈើលើកោះ ភូមិសហគមន៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ រីសត និងបឹងកាឡូ ជាដើម។​  បើតាមលោកមេភូមិ នៅលើកោះរ៉ុងសន្លឹមមានអាជីវកម្មទាំងអស់ប្រមាណជាង ៧០អាជីវកម្ម។ ពលរដ្ឋដែលរស់​នៅលើកោះជិត ២៥០គ្រួសារ បានងាកពីរបរនេសាទ មកប្រកបអាជីវកម្ម សេវាកម្ម ក្នុងវិស័យទេសចរណ៍វិញ ក្រោយពីមានការអភិវឌ្ឍ និងកែច្នៃតំបន់នេះឱ្យមានសក្តានុពល។ លោកបញ្ជាក់ថា នៅក្រោយវិបត្តិកូវីដ-១៩ នៅលើកោះមានការអភិវឌ្ឍជាបន្តបន្ទាប់ ទាំងលើហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់។ ជាមួយគ្នានេះ ភូមិសហគមន៍នៅលើកោះ ក៏ជាផ្នែកទាក់ទាញទេសចរសំខាន់ផងដែរ។ បើតាមលោក ឡាយ ថៃ ភ្ញៀវទេសចរបរទេសចូលចិត្តដើរកម្សាន្តនៅក្នុងភូមិសហគមន៍ ដើម្បីទស្សនាទិដ្ឋភាពផ្សេងៗ ដែលអ្នកភូមិ​បង្ហាញពីវប្បធម៌ និងវត្ថុអនុស្សារីយ៍ ជាដើម។  មេភូមិកោះរ៉ុងសន្លឹម បានគូសបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃមានទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តកោះរ៉ុង​សន្លឹម​ប្រមាណ​ពី ៣០០-៥០០នាក់ ដោយក្នុងនោះភ្ញៀវអន្តរជាតិសម្រាកលំហែចាប់ពី ៣ថ្ងៃទៅ ១សប្តាហ៍ ចំណែកភ្ញៀវជាតិ ភាគច្រើនសម្រាកតែ ១យប់ប៉ុណ្ណោះ។  លោក មុយ ខេន ម្ចាស់រីសត Lazy Beach បានឱ្យដឹងថា នៅកោះរ៉ុងសន្លឹម មានឆ្នេរកម្សាន្តចំនួន ៦កន្លែង ដែលទាក់​ទាញភ្ញៀវទេសចរ និងស្រស់ស្អាតបំផុត គឺទី១. ភូមិ២៣ ឬកោះរ៉ុងសន្លឹម , ២. ឆ្នេរសេនឌីប៊ីច, ៣.​ ឆ្នេរក្រឡក់ត្រីកេះ ឬឆ្នេររមនី, ៤. ឆ្នេរ Lazy Beach, ៥ ឆ្នេរសាតាសេន និងទី៦. សាន់សេដ។ បើតាមលោក មុយ ខេន សម្រាប់​កន្លែងស្នាក់នៅក្នុង១យប់តម្លៃចន្លោះពី ៤០ដុល្លារ ទៅជាង ១០០ដុល្លារតាមទីកន្លែង។ សម្រាប់រីសត Lazy Beach របស់លោក មុយ ខេន តម្លៃក្នុង១យប់ ត្រឹមតែ ៤០ដុល្លារប៉ុណ្ណោះ។  ម្ចាស់រីសតរូបនេះ បានលើកឡើងទៀតថា ភ្ញៀវទេសចរទៅលេងកោះរ៉ុងសន្លឹម អាចដើរផ្សងព្រេងកាត់ព្រៃ ជិះទូកស្ទូចត្រី ហែលទឹកនៅឆ្នេរសមុទ្រ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗជាច្រើនទៀត។  សូមបញ្ជាក់ថា កោះរ៉ុងសន្លឹម មានចម្ងាយ ២៥គីឡូម៉ែត្រ ពីខេត្តព្រះសីហនុ។ ចំពោះអ្នកដែលចង់ធ្វើដំណើរទៅ​កម្សាន្ត​នៅ​កោះរ៉ុងសន្លឹម អាចជិះអូប័រចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងតម្លៃសំបុត្រម្នាក់ ២៥ដុល្លារ ទៅមក ដោយ​ប្រើរយៈពេលប្រមាណ ៣០ទៅ ៤០នាទី នឹងទៅដល់កោះរ៉ុងសន្លឹម៕    សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង