កម្ពុជាស្នើឱ្យថៃពិនិត្យលទ្ធភាពជំរុញការតភ្ជាប់ផ្លូវថ្នល់មកផ្លូវលេខ ៥៥

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានលើកឡើងពីការពិនិត្យ​លទ្ធផល​គម្រោងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់​ការបើកច្រក​ព្រំដែនអន្តរជាតិថ្មីមួយនេះរវាងប្រទេស​កម្ពុជា-ថៃ នាពេលអនាគត ដើម្បីប្រែក្លាយខ្សែ​បន្ទាត់ព្រំដែន​មួយនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសមួយដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរ​កម្សាន្តរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរកម្ពុជា-ថៃ។   លោកទេសរដ្ឋមន្ត្រី​លើកឡើងក្នុងជំនូបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំនៅកម្ពុជានៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣។  លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល បានលើកឡើងថា ការបើកច្រកព្រំដែនអន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការទៅលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។   មន្ត្រីកម្ពុជារូបនេះបញ្ជាក់ថា កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគ ការសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ ទៅប៉ោយប៉ែត ដែលមានតម្លៃជាង៤ពាន់លានដុល្លារ មានចម្ងាយ ៣៨២គីឡូម៉ែត្រ ខណៈបច្ចុប្បន្នគម្រោងផ្លូវដែកនេះ បានសិក្សាសមិទ្ធលទ្ធភាពចប់សព្វគ្រប់ហើយ។   កម្ពុជា និងថៃ ក៏ដូចជាប្រទេសនានាក្នុងមហាអនុតំបន់ទន្លេមេគង្គ អាចនឹងទាញបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការដឹកជញ្ជូនតាមរយៈផ្លូវដែកល្បឿនលឿននេះ ដោយសារកម្ពុជាស្ថិតនៅចំកណ្តាល ដែលរំពឹងទុកថានឹងក្លាយជាមជ្ឈមណ្ឌលផលិត និងស្តុកទុកទំនិញឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ នាពេលខាងមុខ ហើយក្រៅដឹកទំនិញផ្លូវដែកល្បឿនលឿននេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនភ្ញៀវទេសចរផងដែរ។ទាក់ទងនឹងវិស័យដឹកជញ្ចូនតាមផ្លូវដែកនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ក្នុងការលើកកម្រិតផ្លូវដែកបច្ចុប្បន្ន ឱ្យទៅជាផ្លូវដែក ដែលមានខ្នាតទទឹងប្រវែង ១.៤៣៥ មីលីម៉ែត្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូន ឱ្យកាន់តែមានប្រសិទ្ធភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយពេលវេលាច្រើន។  លោកឯកអគ្គរាជទូតក្នុងនាមរាជរដ្ឋាភិបាលថៃ បានសម្តែងនូវសុឆន្ទៈ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបេសកកម្មការទូតក្នុងអាណត្តិនេះ លោកនឹងខិតខំអនុវត្តឱ្យសម្រេចបានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាង រាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕  សម្រួលដោយ  ទៀង  បុណ្ណរី


អត្ថបទដែលជាប់ទាក់ទង