រដ្ឋមន្ត្រី ថោង ខុន ជំរុញទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍
ភ្នំពេញ៖ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។ ការជំរុញនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ដែលរៀបចំដោយ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធអនុផលព្រៃឈើកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានចូលរួមអបអរសាទរចំពោះសហគមន៍អេកូទេសចរណ៍ទាំង២របស់កម្ពុជា ក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប ដែលទទួលបានពានរង្វាន់ស្ដង់ដារសហគមន៍អេកូទេសចរណ៍អាស៊ាននេះ។ ឯកឧត្ដម បានលើកឡើងនូវអនុសាសន៍ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការកម្មវិធីផ្លាស់បទពិសោធអនុផលព្រៃឈើកម្ពុជា រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។ ឯកឧត្ដមក៏បានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី