មនុស្ស​រាប់សិប​នាក់​ស្លាប់ ខណៈ​ព្យុះ​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី​វាយប្រហារ​ទីក្រុង​មួយចំនួន​នៅ​ប្រេ​ស៊ី​ល​

ប្រេស៊ីល៖ ក្រុម​អាជ្ញាធរ​នៅក្នុង​រដ្ឋ Sao Paulo នៃ​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយថា មនុស្ស​យ៉ាង​ហោច​ណាស់ ​៣៦​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​ និង​បំណាក់​ដី​ដ៏​ធ្ងន់ធ្ងរ ដោយ​បង្ខំ​ឲ្យ​ទីក្រុង​មួយ​ចំនួន​លុបចោល​ការ​ប្រារព្ធ​ពិធីបុណ្យ Carnival ​ប្រចាំ​ឆ្នាំ​។​  ក្រុម​មន្ត្រី​និយាយ​ថា ភ្លៀង​ធា្លក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់​ និង​បំណាក់​ដី​នៅ​ក្នុង​តំបន់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Sao Paulo ភាគ​ខាង​ត្បូង​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​សម្លាប់​មនុស្ស ​៣៦​នាក់ ហើយ​ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ថែមទៀត។ រដ្ឋាភិបាល​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា អ្នក​ស្លាប់​ចំនួន ​៣៥​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​របស់​រដ្ឋ​នេះ ហើយ​ជនរងគ្រោះ​ម្នាក់ទៀត​ត្រូវ​បាន​រាយការណ៍​ក្បែរ​ទីក្រុង Ubatuba​។  ក្រុម​អ្នក​សង្គ្រោះ​បន្ត​ស្វែងរក​ជនរងគ្រោះ ត​ភ្ជាប់​សហគមន៍​ដែល​ត្រូវ​បាន​ដាច់​ការទាក់ទង និង​សម្អាត​ផ្លូវ ហើយ​ផ្លូវ​មួយ​ចំនួន​នៅតែ​ត្រូវ​បាន​បិទ​នៅឡើយ បណ្ដាល​ឲ្យ​អ្នកទេសចរ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេ​ស៊ី​ល​ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ Carnival ជាប់​នៅ​ទីនោះ​។ ការ​ព្យាករណ៍​អាកាសធាតុ​បង្ហាញ​ថា ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​បន្ត​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ​របស់​រដ្ឋ Sao Paulo ដែល​ជំរុញ​ឲ្យ​អង្គភាព​ការពារ​ជន​ស៊ីវិល និង​ក្រុម​អ្នក​សង្គ្រោះ​មកពី​ផ្នែក​ពន្លត់​អគ្គិភ័យ​បង្ហាញ​ក្ដី​បារម្ភ​ថា​ អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ថែមទៀត​៕   សម្រួលដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង