ក្រុមមន្ត្រីចិនជួបក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ ដើម្បីពិភាក្សាលើពាណិជ្ជកម្មប្រេងរុស្ស៊ី

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានជួបជាមួយក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យដើម្បីពិភាក្សាពីកិច្ចព្រមព្រៀងរបស់ពួកគេជាមួយរុស្ស៊ី ដែលជាការនាំចូលដែលបានជួយឱ្យឈ្មួញចិនចំណេញរាប់ពាន់លានដុល្លារ នេះបើតាមការលើកឡើងរបស់ប្រភពប្រាំដែលបានដឹងពីរឿងរ៉ាវនេះ។   ចិន និងឥណ្ឌាកំពុងសម្រុកទិញប្រេងរុស្ស៊ីដោយមានការបញ្ចុះតម្លៃយ៉ាងសន្ធប់ ចំពេលមានការដាក់ទណ្ឌកម្ម និងការកំណត់តម្លៃរបស់លោកខាងលិចលើប្រេងរបស់រុស្ស៊ី។ បើតាមប្រភពបានឱ្យដឹងថា នៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យប្រហែល ១០ កាលពីសប្តាហ៍មុន ក្រសួងបានសាកសួរអំពីបរិមាណ និងតម្លៃនៃការនាំចូលប្រេងពីរុស្ស៊ីរបស់ពួកគេ។ ប្រភព​មួយ​ដែល​បានឲ្យដឹង ផ្ទាល់​ពី​ការ​ពិភាក្សានេះ​បាន​ឱ្យដឹងថា​៖ «​រដ្ឋាភិបាល​ចង់​ដឹងថា ​តើ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​អាច​ទិញ​បាន​ប៉ុន្មាន និង​បរិមាណពិត​ប្រាកដ​ដែលពួកគេចង់ទិញមានប៉ុន្មាន​»។  ទាក់ទិននឹងបញ្ហានេះ ប្រភពដែលមានមូលដ្ឋាននៅប្រទេសចិន ដែលជានាយកប្រតិបត្តិជាន់ខ្ពស់ដែលទាក់ទងនឹងប្រេងរបស់រុស្សីបានអះអាងថា ៖«មន្រ្តីចង់មានដំណោះស្រាយជាមូលដ្ឋាន ដូច្នេះនៅពេលដែលចិនទំនាក់ទំនងជាមួយរុស្ស៊ី រដ្ឋាភិបាលគួរតែដឹងពីអ្វីដែលពួកគេនិយាយ»។ ការសន្ទនានេះកើតឡើងនៅពេលដែលសភារៀបចំសម្រាប់សមាជប្រចាំឆ្នាំរបស់ខ្លួននៅខែក្រោយ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នាពេលខាងមុន។ ក្រសួងការបរទេសចិនបានបញ្ជាក់ផងដែរថា អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីក្នុងអំឡុងពេលដំណើរទស្សនកិច្ចបច្ចុប្បន្នរបស់លោកនៅទ្វីបអឺរ៉ុប។   ប្រភពបានបង្ហាញថា ក្រសួងចិនក៏បានជួបក្រុមហ៊ុនចម្រាញ់ប្រេងដែលគ្រប់គ្រងដោយរដ្ឋក្នុងខែនេះ ដើម្បីពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្មប្រេងចម្រាញ់របស់ប្រទេសចិន ដែលទីក្រុងប៉េកាំងបានបន្ធូរបន្ថយកាលពីចុងឆ្នាំមុន ដើម្បីលើកទឹកចិត្តដល់ការនាំចេញ។ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់រដ្ឋក៏ត្រូវបានសួរផងដែរអំពីផលប៉ះពាល់លើការនាំចេញរបស់ចិនពីការដាក់ទណ្ឌកម្មរបស់អឺរ៉ុបលើការនាំចេញឥន្ធនៈរបស់រុស្ស៊ីដែលបានចូលជាធរមាននៅថ្ងៃទី ៥ ខែកុម្ភៈ។ ប្រទេសចិនបាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន១, ៧៣លានបារ៉ែលជារៀងរាល់ថ្ងៃក្នុងឆ្នាំ២០២២ កើនឡើង៨,៣ ភាគរយធៀបនឹងឆ្នាំ ២០២១៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង