ចូលរួមព្រឹត្តិការណ៍ KiddieQuest ទាំងអស់គ្នា ក្នុងគោលបំណងជួយដល់កុមារក្រីក្រនៅកម្ពុជា

សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​រំភើប​រយៈពេល​ពីរ​ថ្ងៃ​សម្រាប់​គ្រួសារ​មាន​កុមារ​តូចៗ។ KiddieQuest: Unlock Your Child’s Potential នឹង​ចូលរួម​ចំណែក​កែប្រែ​ជីវិត​របស់​កុមារ​ក្រីក្រ​នៅ​កម្ពុជា ក៏ដូចជា​ក្លាយ​ជា​បទពិសោធន៍ នៃ​ការ​អប់រំ​ដ៏​រីករាយ​សម្រាប់​កុមារ និង​គ្រួសារ​របស់​ពួកគេ។  គ្រួសារ​ដែល​មាន​ទារក​អាយុ​ចន្លោះ​ពី ៧ ដល់ ២ ឆ្នាំ និង​កុមារ​អាយុ​ចន្លោះ​ពី ២ ដល់ ៥ ឆ្នាំ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ទាំងអស់​គ្នា​ដោយ​ឥតគិតថ្លៃ។ កម្មវិធី​នឹង​រួមបញ្ចូល​សកម្មភាព​ជាច្រើន រួម​ទាំង​ការ​វាយតម្លៃ​ការ​អភិវឌ្ឍ​ទារក ហ្គេម​សប្បាយៗ​សម្រាប់​កុមារ​តូចៗ និង​ការ​សម្ដែង​ផ្សេងៗ។ មិនតែប៉ុណ្ណោះ មាតាបិតា​ដែល​ចូលរួម​នឹង​មាន​ឱកាស​ដើម្បី​ពិនិត្យមើល Smart Baby Club របស់​សាលា ដែល​ផ្តល់​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​រីករាយ​សម្រាប់​ទារក និង​កុមារ​តូចៗ។  ចំណុច​លេចធ្លោ នៃ​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ គឺ​កម្មវិធី Handprint Art Challenge ដែល​នឹង​គ្រោង​សម្រាប់​ការ​ដេញថ្លៃ ហើយ​ថវិកា​បាន​ទាំងអស់ នឹង​ត្រូវ​បាន​បរិច្ចាគ​ទៅ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា (ISF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ។ ISF គឺជា​អង្គការ​ដែល​ទទួល​បាន​ពានរង្វាន់ សម្រាប់​ការ​ផ្ដល់​នូវ​ការ​អប់រំ និង​កីឡា​សម្រាប់​ភាព​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ក្នុង​សង្គម ដល់​កុមារ​ក្រីក្រ​នៅ​កម្ពុជា។ តាមរយៈ​កម្មវិធី​អប់រំ​ពិសេស​របស់​ខ្លួន ISF ផ្ដល់​ឲ្យ​កុមារ​ដែល​មិន​ធ្លាប់​ចូល​សាលា ឬ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់​ឱកាស​ដើម្បី​ចាប់​យក​ការ​អប់រំ​ដែល​ពួកគេ​បាន​ខកខាន កសាង​ទំនុក​ចិត្ត​របស់​ពួកគេ និង​មាន​ក្ដី​សង្ឃឹម​ឆ្ពោះ​ទៅកាន់​ជីវិត​កាន់តែ​ប្រសើរ​ឡើង។  អ្នកស្រី ជួប វិច្ឆិកា នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​របស់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ «យើង​មាន​សេចក្ដី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ដ៏​អស្ចារ្យ​របស់​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ ក្នុង​ការ​គាំទ្រ​ដល់​ការ​អប់រំ​របស់​កុមារ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង តាមរយៈ​កម្មវិធី Handprint Art Challenge។ ការ​អប់រំ​គឺជា​ឧបករណ៍​ដ៏​មាន​អានុភាព​ដែល​មាន​សក្ដានុពល​ក្នុង​ការ​បំបែក​វដ្ដ នៃ​ភាព​ក្រីក្រ។ នៅពេលដែល​កុមារ​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​រៀន ពួកគេ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ដែល​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ពួកគេ គ្រួសារ សហគមន៍ និង​មនុស្ស​ជំនាន់​ក្រោយ។ យើង​សូម​អរគុណ​សាលា​ដែល​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​កុមារ​កម្ពុជា​ដែល​ត្រូវការ​ជំនួយ»។ ពិធី​នេះ​មាន​ការ​ជំរុញ​ឲ្យ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។ ឯកឧត្ដម​បណ្ឌិត វ​ឌ្ឍ​នា មាន​ពាក្យ​លើកទឹកចិត្ត​ខ្លះៗ​សម្រាប់​មាតាបិតា ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុម​គ្រួសារ​មក​ជួបជុំ​គ្នា និង​រីករាយ​ចុង​សប្ដាហ៍ ទន្ទឹម​នឹង​ការ​រួមចំណែក​ក្នុង​បុព្វហេតុ​ដ៏​ល្អ​មួយ យើង​សូម​អបអរសាទរ​ដល់​សាលា​អន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់​គំនិត​ផ្ដួចផ្ដើម​នេះ​នៅ​ក្នុង​ជួយ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ»។   ឪពុកម្ដាយ​ក៏​នឹង​មាន​ឱកាស​ទទួល​បាន​បទពិសោធន៍​ពី កញ្ញា Adda Angel ផងដែរ។ ជាង​នេះ​ទៅ​ទៀត ព្រឹត្តិការណ៍​នេះ នឹង​បង្ហាញ​ពី​សកម្មភាព​ដែល​រៀបចំ​ជាពិសេស​សម្រាប់​ទារក និង​កុមារ​ដែល​មាន​ក្រុម​អាយុ​ផ្សេងៗ​គ្នា។ អ្នក​រៀបចំ​កម្មវិធី​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ក្រុម​គ្រួសារ​ក្នុង​ការ​ចងភ្ជាប់ បង្កើត​អនុស្សាវរីយ៍ និង​បណ្ដុះ​កូនៗ​អំពី​សារៈសំខាន់ នៃ​ការ​ផ្ដល់​ឲ្យ និង​បង្កើត​ផល​វិជ្ជមាន​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ។  សរុប​សេចក្ដី​មក “KiddieQuest: Unlock Your Child’s Potential” សន្យា​ថា នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​រីករាយ និង​មាន​អត្ថន័យ​សម្រាប់​ក្រុម​គ្រួសារ​ដែល​មកពី​តំបន់​ផ្សេងៗ​ក្នុង​ក្រុងភ្នំពេញ។ យើង​លើក​ទឹក​ចិត្ត​ឪពុកម្ដាយ​ឲ្យ​នាំ​កូនៗ​របស់​ពួកគេ​មក​ចូលរួម​កម្មវិធី​នេះ ក៏ដូចជា​គាំទ្រ​ការ​ជួយ​ដល់​សង្គម។  ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ២៦ និង ២៧ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នា​សាលា​អន្តរជាតិ Shrewsbury រាជធានី​ភ្នំពេញ។  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង