កំណត់ត្រាល្អឥតខ្ចោះ ធឿន ធារ៉ា ផ្តួលដៃគូទាំងអស់ឈ្នះខ្សែក្រវាត់៣គ្រឿង
គិតចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកលេងពូថៅថៃពិឃាត ធឿន ធារ៉ា បង្កើតកំណត់ត្រាល្អឥតខ្ចោះគឺផ្តួលដៃគូទាំងអស់ក្នុងការប្រកួតឈ្នះខ្សែក្រវាត់អន្តរជាតិ៣គ្រឿង។នៅសង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង ក្នុងខែវិច្ឆិកា ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចុងខែធ្នូផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១ដែលផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១ដែលផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នាដដែលនេះ ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិនៅសង្វៀនដ៏ល្បី Thai Fight។ សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC (International Professional Combat Council) ធឿន ធារ៉ា បានប្រើពេលដល់ទៅ៤ទឹកទើបផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ (Thiago) ដើម្បីឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ កីឡាករប្រេស៊ីលរូបនេះប្រឡូកក្នុងអាជីពប្រដាល់ប្រមាណ២០ឆ្នាំមកហើយក៏ធ្លាប់ឈ្នះជើងខ្លាំងកម្ពុជាជាច្រើនរូបដូចជា សេន ប៊ុនថេន, ធន់ សុភា និង ឡៅ ចន្ទ្រាជាដើម។ ថ្មីបំផុត ធឿន ធារ៉ា បានផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ទាំងពីរនាក់ក្នុងរាត្រីតែមួយដើម្បីឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ ការប្រកួតជម្រុះជុំដំបូង ធារ៉ា បានផ្តួលកីឡាករថៃ ភេតម៉ៃ សន្លប់ធំក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្រផ្តួលកីឡាករគុនខ្មែរដូចគ្នាគឺ ឈឿន ល្វៃ ឲ្យសន្លប់ធំក្នុងទឹកទី១ដែរ។ សម្រួលដោយ ទៀង បុណ្ណរី