សេតវិមានថា ទំនាក់ទំនងការទូតអាម៉េរិក និងចិនកំពុងបន្ត ខណៈផ្នែកយោធាកំពុងជាប់គាំង
សេតវិមានបានបញ្ជាក់នៅថ្ងៃសុក្រទី ១៧ ខែកុម្ភៈថា ទំនាក់ទំនងការទូតរបស់អាម៉េរិកជាមួយចិននៅតែបើកចំហបន្ទាប់ពីការបាញ់ទម្លាក់បាឡុងចារកម្មចិនក្នុងខែនេះ ប៉ុន្តែទំនាក់ទំនងរវាងយោធារបស់ប្រទេសនេះជាអកុសលនៅតែត្រូវបានបិទ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បានលើកឡើងថា វាមិនមែនជាពេលវេលាសមស្រប សម្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក អាន់ថូនី ប្លីងខេន (Antony Blinken) ក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីលោកបានពន្យារពេលការធ្វើដំណើរពីថ្ងៃទី ៥-៦ ខែកុម្ភៈ ជុំវិញបញ្ហាបាឡុង។ លោកបានបន្តថា ប៉ុន្តែប្រធានាធិបតីចូ បៃឌិន (Joe Biden) ចង់និយាយទៅកាន់ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លោក ឃឺប៊ី បានប្រាប់សារព័ត៌មានសេតវិមានថា អ្នកការទូតអាម៉េរិក និងចិននៅតែអាចទំនាក់ទំនងបាន ទោះបីជាមានភាពតានតឹងជុំវិញឧប្បត្តិហេតុបាឡុងក៏ដោយ។ លោកបានបន្ថែមថា៖«ខ្ញុំទទួលស្គាល់ថាមានភាពតានតឹង ប៉ុន្តែប្រមុខការទូតរបស់យលងនៅតែមានទំនាក់ទំនងបើកចំហជាមួយរដ្ឋមន្ត្រីការបរទេសចិន។ យើងនៅតែមានស្ថានទូតនៅទីក្រុងប៉េកាំង ហើយក្រសួងការបរទេសក៏អាចទំនាក់ទំនងដោយផ្ទាល់ជាមួយបុគ្គលិកស្ថានទូតចិននៅទីនោះផងដែរ»។ លើសពីនោះ ឃឺប៊ី បានសង្កត់ធ្ងន់ថា៖«ជាអកុសល ខ្សែបន្ទាត់យោធាមិនបានបើកទេ ហើយនោះជាអ្វីដែលយើងចង់ឃើញការធ្វើវិសោធនកម្ម»។ ចិនបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងយោធាទៅយោធាមួយចំនួន និងផ្នែកផ្សេងទៀតនៃកិច្ចសន្ទនាទ្វេភាគី បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហាទៅកាន់កោះតៃវ៉ាន់ដែលទាមទារដោយចិនដោយប្រធានសភាអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) ដែលបានធ្វើឱ្យទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងស្ថិតក្នុងកម្រិតដ៏គ្រោះថ្នាក់។ កាលពីថ្ងៃព្រហស្បតិ៍ លោក បៃឌិន បានថ្លែងសុន្ទរកថាផ្តោតលើឧបទ្ទវហេតុបាឡុង។ លោកបាននិយាយថា លោករំពឹងថានឹងនិយាយជាមួយមេដឹកនាំចិន លោក ស៊ី អំពីរឿងនេះ ហើយសង្ឃឹមថានឹងអាចដោះស្រាយបញ្ហានេះបាន។ ជាការឆ្លើយតបទៅនឹងសំណួរមួយ លោក ឃឺប៊ី បាននិយាយថា៖«ទីក្រុងវ៉ាស៊ីនតោន មិនបានស្នើសុំការហៅទូរសព្ទជាផ្លូវការជាមួយលោក ស៊ី ទេ ប៉ុន្តែវាមិនមានន័យថា វានឹងមិនកើតឡើងនោះទេ។ សម្រាប់ការហៅទូរសព្ទមិនត្រូវមានការកំណត់លក្ខខណ្ឌជាមុនទេ។ ប្រធានាធិបតីរបស់យើងចង់មានការសន្ទនាជាមួយលោកប្រធានាធិបតី ស៊ី នៅពេលសមស្រប»។ ការអត្ថាធិប្បាយរបស់លោក ឃឺប៊ី បានកើតឡើងនៅពេលដែលមន្ត្រីអាម៉េរិកបាននឹងកំពុងសម្លឹងមើលលទ្ធភាពនៃកិច្ចប្រជុំរវាងលោក ប្លីងខេន និងអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី (Wang Yi) នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រទី ១៧ ខែកុម្ភៈ៕ សម្រួលដោយ ទៀង បុណ្ណរី