ពលរដ្ឋជាង២០០គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផ្ទុះការតវ៉ា និងស្នើឲ្យអាជ្ញាធររកដំណោះស្រាយជូនរឿងក្រុមហ៊ុនបុរី VIP គ្មានផ្ទះជូនអតិថិជន
ព្រះសីហនុ៖ ប្រជាពលដ្ឋប្រមាណជាង២០០គ្រួសារ បានប្រមូលផ្ដុំគ្នាតវ៉ាដើម្បីឲ្យអាជ្ញាធរជួយស្វែងរកដំណោះស្រាយ បន្ទាប់ពីបានទិញ និងបង់រំលស់ផ្ទះជាមួយបុរី VIP នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះបានបញ្ជាក់ថា ការតវ៉ានេះដោយសារតែក្រុមហ៊ុនគ្មានដំណោះស្រាយជូនអតិថិជនដែលបានទិញ ឬបង់រំលស់កន្លងមក ព្រោះការសាងសង់មិនដំណើរការ ប៉ុន្តែក្រុមហ៊ុនទាមទារឲ្យអតិថិជន ទាំងអស់ធ្វើការបង់ជារៀងរាល់ខែ មានអតិថិជនមួយចំនួនធំបានបង់ដាច់ និងមួយចំនួនទៀត បានបង់ចន្លោះពី៦០ ទៅ៨០% ប៉ុន្តែខាងភាគីក្រុមហ៊ុន នៅតែមិនមានការសាងសង់ និងដំណោះស្រាយជូនពួកគាត់។ ដោយឡែក Zone C ដែលកំពុងស្ថិតក្នុងទំនាស់ស្រាប់ តែមានការសាងសង់របងបិទ ដោយហេតុមានការតវ៉ាកន្លងមកនៅតែមិនមានដំណោះស្រាយ ជាក់ស្តែងដូចនៅថ្ងៃនេះពលរដ្ឋដែលរងគ្រោះ បានប្រមូលផ្តុំគ្នាមកតវ៉ាដើម្បីឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយជាក់លាក់ណាមួយជូនពួកគាត់។ ជុំវិញករណីនេះ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះសម្របស្រួល និងរក្សាសណ្តាប់ធ្នាប់ដើម្បីរកដំណោះស្រាយដោយសន្តិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី