សាច់ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក មាន​ផ្ទុក​វីរុស​ជំងឺឆ្លង ប៉េ​ស្ត្រ​អា​ហ្វិ​ក (ASFV) ​ជិត​២​តោន ត្រូវបាន​បំផ្លាញចោល

នៅ​រសៀល ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ​របស់ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» និង​មន្ត្រី​ជំនាញ​របស់ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានធ្វើការ​បំផ្លាញ​ចោល​សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក សរុប​ប្រមាណ​១,៧៦០​គីឡូក្រាម​។  ការបំផ្លាញ​ចោល នេះ ត្រូវបាន​រៀបចំឡើង​នៅ​ទីលាន​ចាក់​សំរាម​ដែល​ស្ថិត នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​ដោយ លោក ប៊ុន ចំរើន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តំណាង​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ តំណាង​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។  លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានឱ្យដឹងថា អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល​សាច់សត្វ​ស្រស់ បង្កក ជាច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ គោលបំណង​នៃ​ការចុះ​ត្រួតពិនិត្យ ត្រូវបាន​ផ្តោត​សំខាន់ ទៅលើ​ការស្វែងរក​នូវ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ កង្វះ​អនាម័យ ដែល​នាំ​ដល់​ការចម្លង​ចូល​នូវ​បាក់តេរី និង​រោគរាតត្បាត​ផ្សេងៗ និង​ភាព​អនុលោម​ទៅនឹង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជា​ធរមាន លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ ដឹកជញ្ជូន និង​រក្សា​ស្តុក​ទុក សាច់​ស្រស់​ឬ​បង្កក និង​ផលិតផល​សាច់​។​  លោក​ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ បានអោយដឹងថា សាច់ជ្រូក និង​សរីរាង្គ​ជ្រូក មាន​ផ្ទុក​វីរុស​ជំងឺ​ឆ្លង ប៉េ​សអា​ហ្រិ​ក​ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នកប្រើប្រាស់​ទេ យោងតាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល​នាំយកមក​បំផ្លាញចោល​នាពេលនេះ ត្រូវបាន សមត្ថកិច្ច​ចម្រុះ បង្ក្រាបបាន​ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​បណ្តា​ឃ្លាំង​ស្តុក​សាច់​ស្រស់ និង​បង្ក​កនៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​កន្លងមក​នេះ​។​សាច់​ទាំងនោះ​រួមមាន​:   – សាច់ជ្រូក និង​សរីរាង្គ​ជ្រូក ចំនួន​៨៨​ក្បាល ស្មើនឹង ១,៧៦០ គីឡូក្រាម ។​  សូមបញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​លិខិត​លេខ​៤៣៨ សហវ​.​គស​ហ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​សំណើ​ចូលរួម​សហការ​អនុវត្ត វិធានការ​ត្រួត​និត្យ​សាច់​ស្រស់ និង​បង្កក ពិសេស​សាច់​និង​ផលិតផល​ពីស​ត្វ​ជ្រូក ដើម្បី​ត្រួតពិនិត្យ​នូវ​ហានិភ័យ នៃ​ជំងឺឆ្លង​ផ្សេងៗ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានដាក់​បទបញ្ជា​ដល់ មន្ត្រីក្រោមឱវាទ​របស់​ខ្លួន ឱ្យ​បង្កើន​សកម្ម​ភាពចុះ​តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ​និង​បង្ក្រាប​នូវ​រាល់​ទីតាំង និង​មធ្យោបាយ​ដឹកជញ្ជូន និង​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​អាជីវកម្ម​នាំចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និង​ផលិតផល អំពី​សត្វ ត្រូវ​បង្ហាញ​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយមាន​ភ្ជាប់​នូវ​វិញ្ញាបនបត្រ បញ្ជាក់​គុណភាព​ពី​ប្រទេស​នាំចេញ និង​ត្រូវគោរព​និង អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់​និង​ដឹកជញ្ជូន ស្តុក រក្សាទុក រួមទាំង​ភាព​អនុលោម​ទៅ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងទៀត​ឱ្យបាន​ត្រឹមត្រូវ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង