មកដឹងមូលហេតុដែលមន្ត្រីពន្ធដារខេត្តស្វាយរៀង ចុះផាកពិន័យគោយន្តកែច្នៃ​ដល់កណ្តាលស្រែ

ខេត្តស្វាយរៀង៖ មន្ត្រីពន្ធដាខេត្តស្វាយរៀង សហការជាមួយសមត្ថកិច្ច ដែលបានចុះអនុវត្តច្បាប់ចាប់គោយន្តកែច្នៃ ដឹកដីនៅកណ្តាលវាលស្រែ ដើម្បីផាកពិន័យចំនួន ២០ម៉ឺនរៀល ក្នុងមួយគោយន្ត ត្រូវបានពលរដ្ឋ​បង្ហោះតាម​បណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិពភ្លា សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។  ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា គោយន្តកែច្នៃរបស់ពួកគាត់ គឺជាគោយន្តដែលបំពាក់ដោយម៉ាស៊ីន​(ម៉ាស៊ីនបូមទឹក) មិនមែនជាម៉ាស៊ីនរថយន្តនោះទេ។ ពលរដ្ឋ ស្នើដល់មន្ត្រីជំនាញពិនិត្យ និងពិចារណាចំពោះការផាក​ពិន័យ​ទៅលើគោយន្តកែច្នៃរបស់ពួកគាត់ ដែលប្រកបរបរដឹកដីគ្រាន់តែចិញ្ចឹមជីវិត និងបង់ធនាគារប៉ុណ្ណោះ។  ជុំវិញករណីនេះ មន្ត្រីពន្ធដាខេត្តស្វាយរៀង បានបញ្ជាក់ថា យោងតាមប្រកាសលេខ ៥៣១  សហវ  ចុះថ្ងៃទី៣០  ខែឧសភា  ឆ្នាំ២០១៨  ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ  របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ក្នុងឧបសម្ព័ន្ធ១  ចំណុច  ខ១  ចែងថា  រថយន្តដែលបំប្លែងមកពីគោយន្ត  ត្រូវបង់ពន្ធចំនួន២០០,០០០រៀល  សម្រាប់១ឆ្នាំ  ក្នុងមួយគ្រឿង ។  មន្ត្រីពន្ធដាខេត្តបានបន្តថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ  ឆ្នាំ២០២៣ ក្រុមការងារចុះពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូន  និងយាន្តជំនិះគ្រប់ប្រភេទរបស់សាខាពន្ធដារខេត្តស្វាយរៀង  បានចុះពិនិត្យតាមដងផ្លូវនៅជិតទីតាំង​ដែលយាន​យន្តកែច្នៃនោះ  កំពុងចរាចរណ៍ និងប្រកបអាជីវកម្ម  ហើយបានពិនិត្យឃើញថា  មិនទាន់បង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូននៅឡើយ  ស្របតាមប្រកាសជាធរមាន  ទើបកម្លាំងចម្រុះចុះដល់ទីតាំង ដើម្បីណែនាំ​និងអញ្ជើញម្ចាស់​គោយន្តកែច្នៃទាំងនោះមកបង់ពន្ធនៅតាមគោលដៅដែលបានកំណត់។ មន្ត្រីដដែលបានបញ្ជាក់ថា  គោយន្តកែច្នៃទាំងនោះជាប្រភេទយានយន្តអាជីវកម្មដឹកដី  មិនមែនជាយានយន្ត​កសិកម្មសុទ្ធ​សាធនោះទេ។  ទាក់ទិននឹងបញ្ហានេះ មហាជនបានលើឡើងថា ក្នុងករណីនេះបើពិនិត្យឃើញថា  មន្ត្រីពន្ធដារចុះអនុវត្តផ្ទាល់នេះ បានប្រព្រឹត្តខុសពីគោលការណ៍ក្នុងប្រការណាមួយ  សូមឱ្យអគ្គនាយកដ្ឋានពន្ធដារចាត់វិធានការលើករណីនេះ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង