ស្នងការខេត្តតាកែវ ចុះណែនាំដល់អធិការស្រុក ក្រុងទាំង១០ ដើម្បីទប់ស្កាត់បទល្មើស និងក្មេងទំនើង

ប៉ុន្មានថ្ងៃមកនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានចុះមូលដ្ឋានណែនាំដល់អធិការស្រុក ក្រុង ទាំង១០ កុំអោយស្ពិកស្រពន់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្រោយផ្ទុះករណីអសន្តិសុខល្បីទូទាំងប្រទេស។   មហាជនពិតជាដឹងករណីអសន្តិសុខកើតឡើងផ្ទួនៗទូទាំងខេត្តតាកែវ នាពេលកន្លងមក ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ ករណីក្មេងទំនើង ចោរកម្ម និងបទល្មើសនានាហាក់ស្ងប់ស្ងាត់ក្រោយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បើកយុទ្ធនាការដើរដុះក្អែលលោកអធិការគ្រប់ស្រុកក្រុងដែលស្ពិកស្រពន់ក្នុងការបង្ក្រាប បង្កា បទល្មើស។   លោកឧត្តមសេនីយ៍ទោស្នងការខេត្តធ្លាប់បញ្ជាក់ថា ពិតណាស់បទល្មើសតែងតែកើតមានមិនថាតែខេត្តតាកែវទេ ព្រោះជាករណីកើតឡើងដោយភ្លាមៗ គ្មានការគ្រោងទុក ដូច្នេះ ចាំបាច់ណាស់ត្រូវមានការសហការណ៍គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដើម្បីក្តាប់មុខសញ្ញា និងបង្ក្រាបអោយទាន់ពេល។មហាជនកត់សម្គាល់ថា ក្រោយកើតបទល្មើសប៉ុន្មានករណីចុងក្រោយនេះ និងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើរដុះក្អែលលោកអធិការតាមបណ្តាស្រុក ក្រុង ឃើញថា ពិតជាស្ងប់ស្ងាត់មិនមានករណីក្មេងទំនើងបង្កភាពអសន្តិសុខទៀតទេ។ តែមហាជនសំណូមពរថា បើមានសមត្ថកិច្ចដើរល្បាតជាប្រចាំតាមគោល​ដៅដែលងាយរងគ្រោះដោយបទល្មើសនានា ពិតជាកក់ក្តៅសម្រាប់ប្រជាពលរដ្ឋទ្វេដង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង