លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី នៃទិវានឹករលឹកឆ្នាំ២០២៣ ក្រោមមូលបទ «ពិភពលោកយើង អនាគតសុខសាន្តរបស់យើង»
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំកម្មវិធីទិវានឹករលឹកឆ្នាំ២០២៣ ក្រោមប្រធានបទ «ពិភពលោកយើង អនាគតសុខសាន្តរបស់យើង» បរិស្ថាន និងចីរភាព ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា គណៈអធិបតីកិត្តិយស សមាជិកា សមាជិកចូលរួមសរុបប្រមាណជាង៦០០នាក់ នៅដឹព្រេមៀសេនធ័រ សែនសុខ…។ជាមួយគ្នានោះ អង្គពិធីក៏មានដង្ហែទង់ជាតិ ទង់កាយឫទ្ធិពិភពលោក និងទង់កាយឫទ្ធិនារីកម្ពុជា ដោយសមាជិកាCCF ពិធីគោរពទង់ជាតិ ចម្រៀងកាយឫទ្ធិនារីកម្ពុជា និងចម្រៀងពិភពលោក និងមានការសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មី លើកទី២៥ ចំនួន៤៣០នាក់។ បន្ថែមលើនេះ អង្គពិធីទាំងមូល ក៏បានធ្វើបទបង្ហាញដោយការទស្សនាវីដេអូខ្លីអំពីប្រវត្តិចលនារបស់សមាគមកាយឫទ្ធិនារីពិភពលោក-កាយឫទ្ធិនារីកម្ពុជា បទបង្ហាញស្ដីពី ទិវានឹករលឹក ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ “ពិភពលោកយើង អនាគតសុខសាន្តរបស់យើង” បរិស្ថាន និងចីរភាព និងមតិសំណេះសំណាល របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ ជូនដល់គណៈអធិបតី និងសមាជិកា-សមាជិកថ្មីផងដែរ។ទន្ទឹមនឹងនោះ អង្គពិធីក៏មានការបង្ហាញពីរបៀបចងកន្សែង របៀបស្វាគមន៍ និងអរគុណ ដោយសមាជិកាសាខាខេត្តកំពត និងការសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មី, ការអុជទៀន ដោយលោកជំទាវបណ្ឌិតអគ្គស្នងការ ពេជ ចន្ទមុន្នី, ការធ្វើបទបង្ហាញនៃការសច្ចា និងសូត្រពាក្យសច្ចាដោយលោកជំទាវឧកញ៉ាបណ្ឌិត តាន់ ផល្លី ក៏ដូចជាការបំពាក់កន្សែងចូលជាសមាជិកា សមាជិកកាយឫទ្ធិនារីកម្ពុជាពីសំណាក់គណៈអធិបតី និងមុនបិទបញ្ចប់កម្មវិធីសមាជិកចាស់ បានចែករំលែកក្ដីស្រឡាញ់ និងថតរូបអនុស្សាវរីយ៍បង្កើតបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង…៕ សម្រួលដោយ ទៀង បុណ្ណរី