ក្រោយផ្ទុះការរិះគន់ ពេលនេះរបងថ្មដែលសាងសង់លើដីចំណីឆ្នេរអូរឈើទាល ត្រូវបានកម្ទេចចោលទាំងយប់

ខេត្តព្រះសីហនុ៖ បន្ទាប់ពីមានការសាងសង់របងថ្មនៅលើដីតំបន់ឆ្នេរអូឈើទាល ដែលជាអតីតដីរបស់អង្គភាពនគរបាលជើងទឹក ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងត្រូវបានអភិបាលរងខេត្ត និងជាមន្ត្រីនាំពាក្យ ឯកឧត្តម ឡុង ឌីម៉ង់ អះអាងថា ជាដីរដ្ឋបានសម្បទានទៅឱ្យក្រុមហ៊ុនឯកជនមួយ ដែលជានីតិបុគ្គល និងការសាងសង់នោះស្របនឹងច្បាប់ ពេលនេះ របងថ្មសង់អំពីថ្មឥដ្ឋដ៏រឹងមាំស្កឹមស្កៃ នៅតាមបណ្ដោយឆ្នេរនោះ ត្រូវបានវាយកម្ទេចចោលទាំងយប់ថ្ងៃទី០៨កុម្ភៈ វេលាម៉ោង២រំលងអាធ្រាត្រយ៉ាងស្ងប់ស្ងាត់…មានសេចក្តីរាយការណ៍ពីប្រភពកៀកជិតនឹងរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យ TNM ដឹងថា ក្រោយពីមានការចង្អុលបង្ហាញ និងមានបទបញ្ជាពីថ្នាក់ដឹកនាំកំពូលបន្ទាន់ គឺបានឱ្យម្ចាស់ដី ក៏ដូចជាអ្នកដែលបានធ្វើរបងនោះ ធ្វើការរុះរើវាយកម្ទេចរបងនោះចេញដោយខ្លួនឯងជាបន្ទាន់ និងទុកដីចំណីឆ្នេរទាំងនោះជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជានេះ ម្ចាស់ដីបានយកគ្រឿងចក្រកាយរបងថ្មចេញពីឆ្នេរអូឈើទាល នៅវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៣នេះផងដែរ។ សកម្មភាពម្ចាស់ដីវាយកម្ទេចរបងថ្មទាំងយប់នេះ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ សម្តែងការភ្ញាក់ផ្អើល និងមានអារម្មណ៍សប្បាយរីករាយ ដែលដីចំណីឆ្នេរអូរឈើទាលនេះ ត្រូវបានរំដោះមកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញនាពេលនេះ ។បន្ថែមលើនេះ មានការលើកឡើងថា ករណីធ្វើរបងនៅលេីឆ្នេរសមុទ្ទ អូរឈើទាលនោះ មានការលើកឡើងថា មានជាប់ពាក់ព័ន្ធជាមួយលោកជំទាវ យឹម ឆៃលីន ដែលជាឧត្តមភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី ប៉ុន្តែបើយោងតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ដែលសុំមិនបង្ហាញអត្តសញ្ញាណ បានឱ្យដឹងថាដំណឹងខាងលើគឺមិនមែនជាការពិតទេ ដីដែលធ្វើរបងនោះ ជាកម្មសិទ្ធិរបស់គ្រួសារអ្នកឧកញ៉ា ស៊ី គង់ទ្រីវ ដែលមានបណ្ណកម្មសិទ្ធិិត្រឹមត្រូវស្របច្បាប់ តាំងពីឆ្នាំ២០០៨ ពោលគឺតាំងពីជំនាន់ ឯកឧត្ដម ស្បោង សារ៉ាត់ នៅជាអភិបាលខេត្តព្រះសីហនុមកម្ល៉េះ។ ដីនោះ កាលពីមុនចេញប្លង់កម្មសិទ្ធិស្របច្បាប់ គឺជាដីរបស់អង្គភាពនគរបាលលើផ្ទៃសមុទ្រ ក្រោយមកក៏មានការផ្លាស់ប្តូទីតាំងទៅកន្លែងផ្សេងវិញ ទើបមានការបែកធ្លាយទីតាំងខាងលើ ថាមានប្លង់កម្មសិទ្ធិស្របច្បាប់ ដែលបញ្ជាក់ដោយមន្ត្រីរដ្ឋបាលខេត្ត។  ទោះយ៉ាងណា មហាជនបានសម្តែងការសាទរចំពោះដំណឹងវាយកម្ទេចចោលនូវរបងថ្មដ៏មហិមានៅតាមបណ្តោយឆ្នេរអូរឈើទាលនាពេលនេះ និងចាត់ទុកចំណាត់ការអន្តរាគមន៍របស់ថ្នាក់ដឹកនាំជាតិនៅពេលនេះ ថាមានចក្ខុវិស័យថែរក្សារសម្បត្តិបេតិកភណ្ឌជាតិរបស់កម្ពុជា ឱ្យមាននិរន្តរភាពដល់កូនចៅខ្មែរជំនាន់ក្រោយបានទៅលេងកម្សាន្តប្រកបដោយមោទកភាព។ ជាមួយគ្នានោះដែរ ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងបញ្ជាក់  ក្នុងអង្គសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា មុនសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញធ្វើដំណើរទៅទស្សនកិច្ចនៅឯប្រទេសចិន សម្តេចបានបញ្ជាផ្ទាល់ទៅរដ្ឋបាលខេត្ត ឱ្យមានការវាយកម្ទេចចោលនូវរបងថ្មនោះហើយ…៕  សម្រួលដោយ  ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង