អាជ្ញាធរខេត្តកោះកុង ចាត់កម្លាំងឃ្លាំមើលការចូលទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនខិលខូច

ក្រោយ​ការ​ចុះ​អនុវត្ត​វិធានការ​ច្បាប់​ទៅ​លើ​ខ្ទម​អនាធិបតេយ្យ​សង់​លើ​ដី​បម្រុង​របស់​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន អាជ្ញាធរ​ខេត្ត​កោះកុង បាន​ចាត់​កម្លាំង​ជំនាញ​ចុះ​ឃ្លាំមើល និង​បង្ក្រាប​រាល់​សកម្មភាព​របស់​ក្រុម​ជនខិលខូច​ដែល​ទន្ទ្រាន​គ្មាន​ការ​អនុញ្ញាត។  ម្សិលមិញ​នេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត អាជ្ញាធរ មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ចូល​រុះរើ​ខ្ទម​ដែល​សង់​បែប​អនាធិបតេយ្យ​លើ​ដី​បម្រុង​ទុក​របស់​រដ្ឋ និង​លើ​ដី​ក្រុមហ៊ុន​ឯកជន ស្ថិតនៅ​ឃុំ​ជ្រោយ​ប្រស់ ស្រុក​កោះកុង។  ក្រោយ​ការ​ជូនដំណឹង​ដល់​ម្ចាស់​ខ្ទម​ទាំង ៧៥ នោះ​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង ប៉ុន្តែ​ពួកគាត់​មិន​សហការ។  លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​កោះកុង ដែល​ជា​អ្នកដឹកនាំ​អនុវត្ត​វិធានការ​ច្បាប់​នេះ បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០២៣ យ៉ាង​ដូច្នេះ​ថា ការ​ចូល​លួច​តាំងទី​លំនៅ​ជា​ខ្ទម​តូច ធ្វើ​ឡើង​តាម​ការ​បំផុស​បំផុល​របស់​ក្រុម​ដែល​តែង​កេង​ផលប្រយោជន៍​ពលរដ្ឋ​ទៅ​ប្រព្រឹត្ត​ខុសច្បាប់ ក្រោម​ហេតុ​ដី​នឹង​កាត់​ឆ្វៀល​បែងចែក​ជូន។លោក​អភិបាលរង​ខេត្ត គូស​បញ្ជាក់​ថា អាជ្ញាធរ​នឹង​បង្កើន​ការ​ការពារ​ពង្រឹង​ល្បាត​ឃ្លាំមើល​រាល់​សកម្មភាព​ក្រុម​ជនខិលខូច​ដែល​នៅតែ​បំណង​ចង់បាន​ដី​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ។ ដោយឡែក​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​សិទ្ធិ​សម្បទាន​វិនិយោគ​ពី​រាជរដ្ឋាភិបាល ក៏​ត្រូវ​ធ្វើ​ទី​ស្នាក់នៅ និង​មាន​បុគ្គលិក​ប្រចាំការ​ការពារ​ដី​របស់​ខ្លួន​ផង​ដែរ។គួរ​កត់​សម្គាល់​ថា ទាំង​ដី​បម្រុង​រដ្ឋ​ស្ថិត​នៅ​ក្នុង​ឃុំ​ជ្រោយ​ប្រស់ និង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន Greenrich Group មាន​ផ្ទៃដី​សរុប​ជាង ១០ ម៉ឺន​ហិកតា កន្លងទៅ​មាន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​ក្រៅ​មូលដ្ឋាន បាន​នាំគ្នា​ចូល​ធ្វើ​ខ្ទម​លើ​ដី​ដោយ​គ្មាន​ការ​អនុញ្ញាត ក្រោម​ហេតុ​គ្មាន​ដីធ្លី​អាស្រ័យ។ត្រង់​បញ្ហា​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ពួកគាត់​មាន​ដីធ្លី​អាស្រ័យ​ត្រឹមត្រូវ តែ​ដោយ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ដែល​កេង​ផល​ចំណេញ​បំផុស​បំផុល​ឲ្យ​ធ្វើ​ទង្វើ​ខុសច្បាប់ រួច​ចែង​ប្រយោជន៍​គ្នា (​អ្នកឈ្នះ​បាន​ដី អ្នក​ចាញ់​បាន​លុយ​)។ ករណី​ពលរដ្ឋ​ទាំងនោះ​គ្មាន​ដី​ពិតប្រាកដ អាជ្ញាធរ​នឹង​ស្រាវជ្រាវ​លម្អិត ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន។តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​ប្រើប្រាស់ និង​ការ​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ ត្រង់​មាត្រា ៨១ ចែង​ថា ៖ រាល់​អំពើ​រំលោភ​កាន់កាប់​ទ្រព្យសម្បត្តិ​រដ្ឋ ជា​អចលនទ្រព្យ​ដោយ​ខុសច្បាប់​ដូច​មាន​ចែង​ក្នុង​មាត្រា ៧១ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ (​ពីរ​)​ឆ្នាំ ដល់ ៥ (​ប្រាំ​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ០០០ ០០០ (​បួន​លាន​) រៀល ដល់ ១០ ០០០ ០០០ (​ដប់​លាន​) រៀល៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង